រាជធានីភ្នំពេញ៖ ជំងឺមហារីកច្រមុះ (Nasopharyngeal Cancer) គឺជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងផ្នែកខាងលើបំពង់ក ដែលពាក្យបច្ចេកទេសហៅតំបន់នេះថា “Nasopharynx”។
ក) រោគសញ្ញាដែលត្រូវប្រុងប្រយ័ត្ន
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ ប៉ុន្តែ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖
- មាន ឡើងកូនកណ្តុលនៅក
- ឈាមច្រមុះ
- តឹងច្រមុះ (ភាគច្រើនមួយចំហៀង)
- សណ្តាប់ (ការស្តាប់) មានការ ធ្លាក់ចុះនៅត្រចៀកម្ខាង
- ហឹងត្រចៀក
- ឈឺក្បាល
ខ) មូលហេតុបង្ក និងកត្តាជំរុញ
មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ប៉ុន្តែមានកត្តាមួយចំនួនដែលត្រូវបានគេកំណត់ថាជា កត្តាជំរុញឲ្យកើតមានជំងឺនេះ៖
- ទីតាំងភូមិសាស្ត្រ: ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត។
- ទម្លាប់បរិភោគអាហារ: ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine ដូចជាអាហារដែលមាន កម្រិតអំបិលខ្ពស់, ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)។
- មុខរបរ: អ្នកប្រកបរបរដែលទាក់ទងជាមួយ ឈើ-ជាងឈើ។
- វីរុស: Epstein-Barr Virus។
- ប្រវត្តិក្រុមគ្រួសារ: អ្នកដែលមានប្រវត្តិក្រុមគ្រួសារកើតជំងឺនេះ (Nasopharyngeal Cancer)។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយខាងលើនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)
ចែករំលែកព័តមាននេះ