ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ការ​ប្រកួត​ល្ងាចម៉ិញ ធ្វើ​ឱ្យ​អ្នកគាំទ្រ​អង្គុយ​មិន​ជាប់​កៅអី​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទម្ងន់​៦០​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock Out Series By…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទម្ងន់​៦០​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement ត្រូវ​បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ តុលា នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ ព្រែក​កំ​ពិស ដោយ​កីឡាករ​លាភ រ​ដ្ឋា បង្គោល​ក្រហម បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​។

យ៉ាងណាមិញ ជ័យជម្នះ​ដែល​បាន​កើតឡើង​ស្ទើរ​មិន​មាន​អ្នក​ណា​ជឿ​ភ្នែក​នោះ​ទេ ដោយសារ​តែ​លោក​ត្រូវ​បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​នោះ​ហើយ តែ​បែរជា​សំណាង​ហុច​អោយ​​ទាំង​មិន​នឹក​ស្មាន​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​យ៉ាងច្រើន​កុះករ​នោះ កីឡា​ករ​២​រូប​ដែល​មានឈ្មោះ​មុខ​ឡើង​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ ត្រូវ​គេ​ឃើញ​ស្វាហាប់​យ៉ាង​ខ្លាំង ដោយ លាភ រ​ដ្ឋា គ្រាន់តែ​បើក​ឆាក​ភ្លាម​ក៏​ស្ទុះ​សម្រុកចូល​លើ​បង្គោល​ខៀវ លន បញ្ញា តែ​ម្ដង​។ ខណៈ​ដែល​ទឹក​ទី​១​នោះ ភាគី​ម្ខាង​ៗ​វាយ​ទៅ​វាយ​មក ធ្វើ​អោយ​អ្នក​ទស្សនា​ហើប​គូទ​មិន​ជាប់​នឹង​កៅអី​។

ឈាន​ដល់​ទឹក​ទី​២ កីឡាករ​បង្គោល​ខៀវ លន បញ្ញា ដែល​មាន​កម្ពស់​ល្អ​ជាង ចាប់ផ្ដើម​មាន​ប្រៀប​យ៉ាង​ខ្លាំង ដោយ​វាយ​ផង​ទាត់​ផង ហើយ​ធ្វើ​អោយ​កីឡាករ​បង្គោល​ក្រហម​ទ័លច្រក បាត់បង់​ជំហរ ហើយ​បណ្ដាល​ឱ្យ​លោក​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ភ្លាម​ៗ ដែល​ធ្វើ​អោយ​អ្នក​ណា​ក៏​មើលឃើញ​ថា គេ​ចាញ់​១០០​ភាគរយ​ៗ បើ​ការ​ប្រកួត​របស់ លន បញ្ញា រក្សា​ជំហរ​បាន​ល្អ​ដូចដែល​បានឃើញ​។

យ៉ាងណាមិញ អ្វី​ៗ​កើតឡើង​មិន​គួរ​អោយ​ជឿ ដោយសារ​តែ​កីឡាករ​បង្គោល​ខៀវ សម្អាង​​ថា លាភ រ​ដ្ឋា ត្រូវ​រាប់​ម្ដង ហើយ​ទំនងជា​ប៉ង​វាយ​អោយ​សន្លប់ ក៏​ស្ទុះ​វាយ​ខ្លាំង​ភ្លេច​ការពារ​ខ្លួន​បណ្ដាល​ឱ្យ​កីឡាករ លាភ រ​ដ្ឋា វ័ធ​ត្រូវ​សៀតផ្កា​មួយ​ទំហឹង ហើយ​វិលក្បុង​ខ្លួនឯង បណ្ដាល​អោយ​លោក​អាជ្ញាកណ្ដាល​រាប់​ដល់​៨​។

ឱកាស​បាក់​ជំហរ​ក្នុង​ពេល​នោះ​ហើយ ដែល​ធ្វើ​អោយ លាភ រ​ដ្ឋា មាន​កម្លាំងចិត្ត​ស្ទុះ​វាយ​យក​ប្រៀប ស្របគ្នា​ដែល​កីឡាករ លន បញ្ញា នៅ​មិន​ទាន់​ស្វាង និង​ពង្រឹង​ជំហរ​ផង​នោះ ក៏​ធ្វើ​អោយ​គេ​ត្រូវ​រាប់​ជា​លើក​ទី​២ និង​ឈាន​ទៅ​រាប់​លើក​ទី​៣ កំណត់​ថា​ចាញ់​ដោយ​ស្វ័យប្រវត្តិ​។

អ្នកគាំទ្រ​ភាគច្រើន បើ​ក្រោយ​វាយ​អោយ លាភ រ​ដ្ឋា រាប់​កាលពីដើម​ទឹក​ទី​២ ហើយ​កីឡា​ករ លន បញ្ញា មិន​កញ្ជ្រោល​សម្រុក​ខ្លាំង នោះ​ការ​ប្រកួត​ទាំងមូល​គឺ​កីឡាករ លន បញ្ញា ជា​អ្នក​កាន់​ពាន​ទៅ​ហើយ ដោយសារ​តែ​ការ​ប្រកួត​នេះ បើ​ភាគ​ម្ខាង​ៗ​រក្សា​លំនឹង​អោយ​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ គឺ​លន បញ្ញា នឹង​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ព្រោះតែ​អ្នក​ត្រូវ​រាប់​ម្ដង គឺ​ត្រូវ​កាត់​ពិន្ទុ​នោះ​។

កីឡាករ លាភ រ​ដ្ឋា ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ និង​ពាន​ជើងឯក​មួយ ខណៈ​ដែល កីឡាករ លន បញ្ញា ដែល​មាន​ប្រៀប​ទៅ​ហើយ បែរជា​បណ្ដោយ​អោយ​ភ្លាត់​វិញ បាន​ត្រឹមតែ​ពាន​កិត្តិយស និង​ទឹកប្រាក់​២​ពាន់​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ