រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៣ និង ៣០នាទីល្ងាច ថ្ងៃទី២៥ ឧសភា ២០១៣ ខាងមុខ ទីលានបាល់ទាត់ស្តាតចាស់ រាជធានីភ្នំពេញ នឹងមានការជួបប្រកួតគ្នាជាលក្ខណៈមិត្តភាពរវាងក្រុមបាល់ទាត់ Tri Asia Phnom Penh FC ជាមួយក្រុមបាល់ទាត់ Ratanakea FC ខេត្តពោធិ៍សាត់ ដើម្បីរឹតចំណងសាមគ្គី មិត្តភាព និងជាការលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជា នៅក្នុងនោះ ក៏មានការច្រៀង និងសម្តែងជូនដោយ កញ្ញា ពេជ្រ សោភា និងមានការចាប់ឆ្នោតផ្សងសំណាងដល់អ្នកទស្សនាផងដែរ ។
លោក Daisuke Yoshioka ជាគ្រូបង្វឹក បានឱ្យដឹងថា សព្វថ្ងៃលោកកំពុងហ្វឹកហាត់ដល់កីឡារបស់លោកឱ្យបានល្អ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតបាល់ទាត់មហាជននាពេលខាងមុខ ។ លោកបន្តថា ការប្រកួតជាមួយក្រុមបាល់ទាត់ខេត្តពោធិ៍សាត់នេះ លោកសង្ឃឹមថា ក្រុមរបស់លោកលេងបានល្អដូចការប្រកួតជាមួយក្រុមបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រុមអភិវឌ្ឍន៍ម៉ូស្លិមកម្ពុជា និងក្រុមស្វាយរៀង ។
នេះជាការប្រកួតលក្ខណះមិត្តភាពលើកទី៤ ហើយមិនដឹងថា តើក្រុមជើងខ្លាំង Tri Asia Phnom Penh FC ដែលប្រកួតមិនដែលចាញ់នោះ អាចយកឈ្នះគូប្រកួតរបស់ខ្លួនទៀតដែរឬយ៉ាងណា? ដូច្នេះ សូមកុំភ្លេចទៅទស្សនានៅទីលានស្តាតចាស់ទាំងអស់គ្នា ដោយការចូលរួមនេះ គឺទស្សនាដោយសេរី ៕
ចែករំលែកព័តមាននេះ