រាជធានីភ្នំពេញ ៖ ត្រៀមៗ! ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ នឹងធ្វើនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។ សំបុត្រចូលទស្សនាការប្រកួតនេះបានចាប់ផ្តើមបើកលក់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងពហុកីឡដ្ឋានជាតិ អូឡាំពិក និងតាមApp។
តាមការផ្សព្វផ្សាយ តម្លៃសំបុត្រមាន២ប្រភេទ គឺប្រភេទ A មានតម្លៃ១៧.០០០រៀលមានឱកាសឈ្នះរង្វាន់រថយន្ត១គ្រឿង។ ប្រភេទ B តម្លៃ ១០.០០០រៀល មានឱកាសឈ្នះរង្វាន់ម៉ូតូ៣រង្វាន់ ។ សំបុត្រចាប់ផ្តើមលក់វេលាម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយទីតាំងលក់មាននៅពហុកីឡដ្ឋានជាតិអូឡាំពិកនិងតាមរយៈ App: Live by Wonder Pass រហូតដល់ថ្ងៃទី២៤ ខែឧសភា សំបុត្រនឹងបន្តលក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការចំណាយលុយទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ហើយមានឱកាសផ្សងសំណាងឈ្នះរង្វាន់រថយន្ត និងម៉ូតូបែបនេះចាត់ទុកជាកាយវិការល្អខ្លាំងណាស់ ព្រោះបានជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។ ប្រសើរជាងចំណាយលុយទិញស្រាបៀរទទួលទានដើម្បីផ្សងសំណាងឈ្នះ
រង្វាន់ ព្រោះការសេពគ្រឿងស្រវឹងក្នុងចំនួនច្រើនជាប្រចាំធ្វើឱ្យប៉ះពាល់សុខភាព បង្កគ្រោះថ្នាក់ចរាចរណ៍ និងបង្កើតអំពើហឹង្សាក្នុងសង្គមនិងគ្រួសារថែមទៀតផង។
សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្តើមយកចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើង
ចាប់ពីម៉ោង៤រសៀល រវាងក្រុមបឹងកេត និងវិសាខា ខណៈការប្រកួតដណ្តើមជើងឯករវាង
ព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ត្រូវប៉ះដៃគូចាស់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន គឺភ្នំពេញក្រោន ធ្វើឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២៥ ឧសភា៕

ចែករំលែកព័តមាននេះ