រាជធានីភ្នំពេញ ៖ ជាង និងកម្មករសំណង់ខុនដូស្តាយទ្រី (SKY TREE) ប្រមាណជាង១០០នាក់ បាននាំគ្នាបិទផ្លូវ ដើម្បីទាមទារប្រាក់ថ្លៃពលកម្ម ដែលក្រុមហ៊ុនជំពាក់ពួកគេរយៈពេលប្រមាណ២ខែ មកហើយ។ ការធ្វើបាតុកម្មនេះបានផ្ទុះឡើង កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៨ ដោយពួកគេបាននាំគ្នាយកបន្ទះក្តា និងនាំគ្នាអង្អុយបិទផ្លូវលេខ១០៥ មុខខុនដូ ដែលស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
តាមជាង-កម្មករសំណង់ បានឲ្យដឹងថា រយៈពេល២ខែមកហើយ ដែលពួកគេចំនួន២ក្រុមចំនួន១២២នាក់ មិនទាន់បានបើកប្រាក់ថ្លៃពលកម្មនោះ ទេ គឺមេការបានឲ្យខ្ចីគ្រាន់តែគ្រាន់តែហូបបាយតែប៉ុណ្ណោះ។ ប្រាក់ថ្លៃពលកម្មនោះ ក្នុងម្នាក់ៗប្រមាណ ជាង១លានទៅ២លានរៀល ដែលត្រូវបានមេការក្រុមហ៊ុនសំណង់ខុនដូនោះសន្យាបើកឲ្យ នៅមុនបុណ្យភ្ជុំបិណ្ឌ។
នៅរសៀលថ្ងៃទី០៥ ខែតុលា ជាថ្ងៃបើកប្រាក់ ស្រាប់តែមេការក្រុមហ៊ុន មិនបានបើកប្រាក់ឲ្យតើពួកគាត់មានប្រាក់ឯណាធ្វើដំណើរទៅស្រុក ទើបពួកគាត់នាំគ្នាបិទផ្លូវ ដើម្បីទាមទារប្រាក់ថ្លៃពលកម្មតែម្តង។ តាមព័ត៌មានឲ្យដឹងទៀតថា នៅរសៀលនោះ អាជ្ញាធរ និងនគរបាលខណ្ឌឫស្សីកែវ ក៏បានចុះទៅធ្វើការសម្របសម្រួលបើកផ្លូវឡើងវិញ ហើយខាងក្រុមហ៊ុន ក៏បានឯកភាពថា និងបើកប្រាក់ឲ្យកម្មករ និងបានធ្វើការវាស់វែងពីទំហំការងារ ដើម្បីបើកប្រាក់ឲ្យក្រុមជាង និងកម្មករ។
ទោះបីជាយ៉ាងណាគេពុំដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ បានជាក្រុមហ៊ុន ខុនដូដ៏ធំមួយនេះ មិនបានបើកប្រាក់ឲ្យជាង និងកម្មករសំណង់នោះ ហើយអ្នកយកព័ត៌មានយើង ពុំទទួលការបំភ្លឺណាមួយពីក្រុមហ៊ុន ឬមេការសំណង់ខុនដូនោះឡើយ៕

https://youtu.be/Vag_Pzbo3B4
ចែករំលែកព័តមាននេះ