រាជធានីភ្នំពេញ ៖ អាជីវករលក់ដូរបន្លែផ្លែឈើ នៅតាមផ្លូវជិតសួនកុមារពោធិ៍ចិនតុង បានរត់បាតជើងសព្រាត ចោលបន្លែផ្លែឈើរបស់ខ្លួន ខណៈដែលពួកគាត់កំពុងលក់ដូរសុខៗ ស្រាប់តែមានហេតុការណ៍ឆ្លងចរន្តអគ្គិសនីមួយបានកើតឡើងនៅជិតកន្លែងដែលពួកគាត់កំពុងលក់ដូរនោះ បណ្ដាលឲ្យឆាបឆេះប្រអប់ភ្លើង និងខ្សែភ្លើង ព្រមទាំងមែកឈើជិតនោះសន្ធោសន្ធៅ និងឮសូរសំឡេងផ្ទះផូងផាំងៗផងដែរ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅប្រអប់ភ្លើងលេខ P1620-213 ផ្លូវលេខ២,៥០០ ជិតសួនកុមារពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រុមអាជីករនៅទីនោះ បាននិយាយថា នៅវេលាកើតហេតុខាងលើ ខណៈដែលពួកគាត់កំពុងលក់ដូរសុខៗ ស្រាប់តែមានហេតុការណ៍ឆ្លងចរន្តអគ្គិសនី ឮសូរសំឡេងផ្ទុះផូងផាំងៗដូចគេបាញ់កាំភ្លើង ហើយពេលក្រឡេកមើលទៅប្រអប់ភ្លើងខាងលើនោះ បានឃើញមានអណ្ដាតភ្លើងកំពុងឆេះខ្សែភ្លើង និងប្រអប់ភ្លើងព្រមទាំងមែកឈើជិតនោះសន្ធោសន្ធៅ។ ពេលនោះ បានធ្វើឲ្យអ្នកលក់បន្លែផ្លែឈើ ដែលកំពុងលក់ដូរនៅជិតនោះភ័យស្លន់ស្លោនាំគ្នារត់ចេញពីកន្លែងលក់បាតជើងសព្រាតចោលបន្លែផ្លែឈើ ដោយមិនអាចនៅជិតនោះបានទេ ព្រោះខ្លាចដាច់ខ្សែភ្លើងធ្លាក់លើ និងវ័ធត្រូវ បណ្ដាលឲ្យឆក់មានគ្រោះថ្នាក់ដល់អាយុជីវិត ។
នគរបាលបានប្រាប់ថា ក្រោយពេលទទួលបានដំណឹងនោះហើយ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ភ្លាមៗ ដោយបានរាយការទៅកាន់មន្ត្រីអគ្គិសនី សុំឲ្យបិទភ្លើងនៅប្រអប់ភ្លើងលេខ P1620-213 នោះជាបណ្ដោះអាសន្ន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកពន្លត់ភ្លើង។ ចំណែករថយន្តពន្លត់អគ្គិភ័យ និងនគរបាលពន្លត់អគ្គិភ័យ ដែលកំពុងប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ក៏បានចេញទៅបាញ់ទឹកពន្លត់ភ្លើងរហូតរលត់ទៅវិញភ្លាមៗ មិនបានឆេះរាលដល់ផ្ទះ ដែលស្ថិតនៅជិតនោះ ឬបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ហើយអ្នកលក់ដូរក៏បានចូលទៅលក់វិញជាធម្មតា ៕













ចែករំលែកព័តមាននេះ