ខេត្តកំពង់ស្ពឺ ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនជាមួយខ្មោចអាគក២ក្បាលផងដែរ ខណៈដែលកំពុងតែប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងជល់មាន់ក្នុងសង្វៀនមួយកន្លែង កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្នុងសង្វៀនមួយកន្លែង នៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
មន្ត្រីអាវុធហត្ថស្រុកសាមគ្គីមុនីជ័យបានឱ្យដឹងថា នៅមុនពេលចុះឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ គឺកាលពីវេលាម៉ោង១០និង១៩នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានអ្នកញៀនល្បែងកំពុងតែប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ក្នុងសង្វៀនជល់មាន់ នៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ។
មន្ត្រីអាវុធហត្ថស្រុកសាមគ្គីមុនីជ័យបានបន្តថា ក្រោយពីទទួលបានព័ត៌មានរួចមក ដល់វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ សហការជាមួយនឹងកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ជាង រចនា មេបញ្ជាការមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានធ្វើការចុះបង្ក្រាបដោយរលូន ឃាត់ខ្លួនអ្នកលេងយ៉ាងកម្សត់បាន៥នាក់ ៖
១-ឈ្មោះ ហេន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ធន ទៀង ភេទប្រុស អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រ រស់នៅក្នុងភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ លឹម ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ រស់នៅក្នុងភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
៤-ឈ្មោះ រឿន វ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជាកម្មករសំណង់ រស់នៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
និង៥-ឈ្មោះ ទ្រី វ៉ង់ ភេទប្រុស អាយុ៥១ឆ្នាំ ជាកម្មករសំណង់ រស់ក្នុងនៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
មន្ត្រីអាវុធហត្ថស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងដកហូតវត្ថុតាងរួមមាន សង្វៀនជល់មាន់១ឈុត មាន់ជល់២ក្បាល បង់រុំមាន់មួយចំនួន ទូរស័ព្ទ៤គ្រឿង ជញ្ជីងសម្រាប់ថ្លឹង១ និងម៉ូតូ៦គ្រឿង ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង៥នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ចំណែកអាគកដែលងាប់ ត្រូវបញ្ជូនទៅកំពង់ឆ្នាំង ៕



ចែករំលែកព័តមាននេះ