ខេត្តកំពង់ស្ពឺ៖ បុរសជាជនជាតិចិនចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន ខណៈដែលជិះរ៉ឺម៉កមកពីទិសខាងលិចទៅទិសខាងកើតតាមបណ្តោយផ្លូវជាតិលេខ៤ឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច គ្មានឯកសារសម្គាល់ខ្លួន។ ការឃាត់ខ្លួនបុរសជាជនជាតិចិនគ្មានលិខិតសម្គាល់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧ទៅលេខ៨៨ ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថាជនជាតិចំនួន៧នាក់ដែលឃាត់ខ្លួនបាន៖ ទី១-ឈ្មោះ HU JE ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ YANG HONG HEN ភេទប្រុស អាយុ២០ឆ្នាំ ទី៣-ឈ្មោះ WU SHI YU ភេទប្រុស អាយុ២២ឆ្នាំ ទី៤-ឈ្មោះ ZHEN YU XIAO ភេទប្រុស អាយុ២០ឆ្នាំ ទី៥-ឈ្មោះ TANG AO HUA ភេទប្រុស អាយុ១៧ឆ្នាំ ទី៦-ឈ្មោះ TAI LEI ភេទប្រុស អាយុ២១ឆ្នាំ និងទី៧-ឈ្មោះ ZHAN QING ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនទាំង៧នាក់នោះមិនមានឯកសារជាប់ខ្លួននោះទេ។
នគរបាលស្រុកភ្នំស្រួចបានបន្តឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនជាតិចិនទាំង៧នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួចបានដាក់គោលដៅដើម្បីត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៤ លុះរហូតដល់វេលាម៉ោង០៣និង៥០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មានម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿងបើកពីទិសខាងលិចទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចបង្គោលគីឡូម៉ែត្រលេខ៨៧-៨៨ ឆ្លងកាត់គោលដៅត្រួតពិនិត្យ ដោយមានជនជាតិ៧នាក់ជិះលើរ៉ឺម៉កនោះក៏ឃាត់ធ្វើការត្រួតពិនិត្យ មិនមានឯកសារនិងលិខិតស្នាមអ្វីនោះឡើយ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា តាមការសាកសួរម្ចាស់រ៉ឺម៉ក ឈ្មោះ ប្រាក់ សិតសាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិពោធិ៍បីដើម ឃុំបន្ទាយរាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ស្នាក់នៅក្នុងខេត្តកោះកុង បានរៀបរាប់ថាជនជាតិចិនទាំង៧នាក់នេះបានដើរមកដល់ចំណុចផ្លូវលេខ៤៨ ក្នុងភូមិសាស្ដ្រខេត្តកោះកុងជនជាតិចិនទាំង៧នាក់នោះបានសុំរ៉ឺម៉កគាត់ជិះក្នុងគោលបំណងឆ្លងកាត់ទៅរាជធានីភ្នំពេញ។ ដោយធ្វើដំណើររហូតលុះមកដល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់តែម្តង។
បច្ចុប្បន្នក្រុមជនជាតិទាំង៧នាក់ ត្រូវបានកម្លាំងផ្នែកអន្ដោប្រវេសន៍កំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ