ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺហើយ ក្រោយពីផ្ទុះរឿងវាយតប់គ្នាផ្អើលពេញរោងការ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែកចាយរូបភាពយ៉ាងព្រោងព្រាត ។ គួររំលឹកថា ដឹងមូលហេតុហើយ! ករណីវា.យតប់គ្នាផ្អើលរោងការ ខណៈ៤នាក់ត្រូវឃាត់ខ្លួន និង៨នាក់ទៀតកំពុងរត់គេច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា១០និង៣០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងពិធីមង្គលការមួយ ស្ថិតនៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមនឹងបក្ខពួក ជាសាច់ញាតិខាងកូនក្រមុំ ដែលទៅចូលរួមក្នុងពិធីរៀបមង្គលការ ក៏មានភ្ញៀវទាំងសងខាងបានឡើងរាំលេងកម្សាន្តសប្បាយ ។
ពេលនោះមានភ្ញៀវខ្លះស្រវឹងបានរាំច្រងេងច្រងាងយកជើងឈូស ក្នុងលក្ខណៈឌឺដងដាក់គ្នាជាមួយភ្ញៀវខាងកូនកំលោះ ។ បន្ទាប់មកក៏បានបង្កជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយបានយកកែវ ចាន គប់គ្នាព្រោងព្រាត បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ។ ជាពិសេសក្មេងប្រុសម្នាក់ដែលមិនដឹងអី បានរងរបួសដៃដេរច្រើនថ្នេរយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង ។ មុននេះតាមរបាយការណ៍ខាងអធិការដ្ឋានវិញ បានឱ្យដឹងពីមូលហេតុមកពីខាងប្រុសជួល DJ មកចាក់បទញាក់ តែខាងស្រីមិនព្រមក៏ប្រកែកគ្នារហូតឈានដល់ការប្រទូស្តរាយដាក់គ្នា ។
មន្ត្រីសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តថា ក្រោយពីទទួលនូវព័ត៌មានរួចមកលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតឲ្យកម្លាំងមន្ទីរធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ធ្វើការចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់តែម្តង ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថាជនសង្ស័យទាំង៤នាក់ជាកម្មកររោងចក្រ៖
១-ឈ្មោះម៉ែន ថា ភេទប្រុស អាយុ៣៦ឆ្នាំ។
២-ខេន ណារ៉ុម ភេទប្រុស អាយុ៤៥ឆ្នាំ ។
៣-មៀច សំអុល ភេទប្រុស អាយុ៤៤ឆ្នាំ ។
៤-សាយ ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ។
ដោយជនសង្ស័យទាំង៤នាក់នេះ រស់នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន៤គ្រឿងផងដែរ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៤នាក់ខាងលើ រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ ប៉ុណ្ណឹងហើយ…ថ្ងៃក្រោយទៀតបើមិនរាងទេ !…សុំកុំរាង !!…ហេ! ហេ! ៕











ចែករំលែកព័តមាននេះ