ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ជាជនសង្ស័យដើរទម្លាក់យោងតាមផ្សារនានាបន្លំលួចយកគ្រឿងអលង្ការបស់ប្រជាពលរដ្ឋ ក្នុងចំណោមបក្ខពួក០២នាក់ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាន ខណៈដែលស្ត្រីជាជនសង្ស័យនិងបក្ខពួកធ្លាប់មកទម្លាក់យោង(បន្លំយកខ្សែកនិងចិញ្ចៀនពីជនរងគ្រោះ)បានសម្រេចម្តងហើយគេចខ្លួនបាត់ ញ៉ាមដូចស៊ីក្តាមដុតមកទម្លាក់ម្តងទៀតជនរងគ្រោះចំណាំមុខនាំគ្នាឃាត់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ការឃាត់ខ្លួនស្ត្រីជនសង្ស័យដើរទម្លាក់យោង(បន្លំយកគ្រឿងអលង្កាតាមផ្សារ)ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅក្នុងផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះសុខ អិត ហៅ ទូច ភេទស្រី អាយុ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំក្រោយវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា នៅមុនពេលដែលជនរងគ្រោះ និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យទម្លាក់យោងខាងលើ គឺកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ មានករណីទម្លាក់យោង កើតឡើងនៅចំណុច លើផ្លូវបេតុងខាងលិចផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។យោងតាមពាក្យបណ្ដឹង របស់ឈ្មោះ បូ ស៊ន ភេទស្រី អាយុ៤២ឆ្នាំរស់នៅក្នុងភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្ដឹងចោទប្រកាន់ទៅលើ ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន៤ នាក់ ក្នុងនោះមានស្រីចំនួន២នាក់ជិះម៉ូតូចំនួន២គ្រឿង ដែលបានធ្វើសកម្មភាព លួងលោមរូបខ្លួន ចេញពីក្នុងផ្សារកំពង់ស្ពឺ ឲ្យទៅតាម ដើម្បីចែកមាសជាមួយពួកគេ ពេលកំពុងចែក ក្រុមជនសង្ស័យ ម្នាក់ក៏បាន បន្លំលួចដោះចិញ្ចៀនមាសមួយវង់ ទម្ងន់២ជី និងក្រវិលផ្លាកទីន មួយគូរ (តំលៃ២០០$) នៅចំណុចកើតហេតុខាងលើ រួចគេចខ្លួនបាត់អស់ ចំណែកថង់មាសដែលគេចែក ឱ្យខ្លួននោះក៏បានបើកមើលទើបដឹងថា ជារបស់កាឡៃ។
នគរបាលក្រុងច្បារមនបានបន្តថា លុះរហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ត្រីរងគ្រោះឈ្មោះ បូ ស៊ន ភេទស្រី អាយុ៤២ឆ្នាំរស់នៅក្នុងភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខ្លួនបានទៅផ្សារកំពង់ស្ពឺ ក៏បានប្រទះមនុស្សស្រីចំនួន២នាក់ ដែលមានភិនភាគស្រដៀងនិងក្រុមជនសង្ស័យខាងលើកន្លងទៅ កំពុងធ្វើសកម្មភាព លួងលោមស្ត្រីចំណាស់ម្នាក់ ឃើញដូចនោះខ្លួនក៏បានស្ទុះទៅចាប់បានម្នាក់ ដែលខ្លួនចំណាំមុខថា ជាអ្នកដោះចិញ្ចៀន និងក្រវិលរបស់ខ្លួន តែរូបគេព្យាយាមរត់គេចក៏ត្រូវបានប្រជាពលរដ្ឋ ក្នុងផ្សារជួយចាប់ ចំណែកបក្ខពួករបស់ជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ រួចប្រគល់ឲ្យសមត្ថកិច្ច និងមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ តែម្ដង។
ក្រោយទទួលបានព័ត៌មាន ផ្នែកយុត្តិធម៌សហការ ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់រការធំ បានចុះទៅដល់កន្លែងកើតហេតុ បានយកជនសង្ស័យឈ្មោះសុខ អិត ហៅ ទូច ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំក្រោយវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកសាកសួរ ឈ្មោះសុខ ទូច ហៅ សុខ ល្អិត បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ឈ្មោះធីតា ភេទស្រី អាយុប្រហែល៤០ឆ្នាំ មិនស្គាល់ទីលំនៅ ពិតជាបានប្រើល្បិច ទម្លាក់យោង ដោះយកចិញ្ចៀន និងក្រវិល របស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ