ខេត្តកំពង់ស្ពឺ ៖ តារាសម្តែងលោក យន សុភ័ក្រ ដែលគេស្គាល់ថា ជាតារាម្នាក់ដែលតែងចេញធ្វើសកម្មភាពមនុស្សធម៌និងថតស្ប៉តពាណិជ្ជកម្ម ព្រមទាំងសម្តែងក្នុងរឿងភាគល្បីៗមួយចំនួនតាមកញ្ចក់ទូរទស្សន៍ បានជួបហេតុការណ៍ព្រលឹងចុងសក់ ពេលធ្វើដំណើរទៅថតភាពយន្តនៅលើភ្នំគិរីរម្យ ដោយសារតែរថយន្តសាំយ៉ុងដែលលោកជិះជាមួយក្រុមការងារជាច្រើននាក់ត្រូវឆេះសន្ធោសន្ធៅកណ្តាលផ្លូវ ។ ក្នុងចំណោមរថយន្តដែលជួលគេចំនួន៣គ្រឿង គឺមានតែរថយន្តក្រុមតារារូបនេះ ដែលផ្ទុះឆេះស្ទើរតែរត់ចេញមិនទាន់ ។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ៤ តុលា ។ ប្រភេទរថយន្តដែលឆេះហុយផ្សែងពេញមេឃនិងអណ្តាតភ្លើងក្រហមរន្ទាល ជារថយន្តម៉ាកសាំយ៉ុងចំណុះ១៥កៅអី ។ ថ្លែងរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើង លោក យន សុភក្រ័ បានចាត់ទុកថា សំណាងមួយរបស់ក្រុមលោក ក្នុងមួយពាន់គ្រោះថ្នាក់ ព្រោះរថយន្តនោះបានធុំក្លិនឈ្ងៀមតាំងពីមុនពេលឡើងលើភ្នំគិរីរម្យម្លេ៉ះ ។ ដោយអ្នកបើកបររថយន្តបានឈប់ធ្វើមួយតង់រួចរាល់ ហើយថាមិនអីក៏បើកឡើងភ្នំបន្តទៅមុខទៀត ។
លោក យន សុភ័ក្រ បន្តថាដោយសារតែមានអារម្មណ៍ថា រថយន្តនៅតែមានបញ្ហាលោកនិងក្រុមការងារដែលជិះក្នុងរថយន្ត១០នាក់បានតាមដានមើលជាប់រហូត ហើយក៏បានធុំក្លិនឈ្ងៀមចេញពីកាប៊ីនមុខកាន់តែខ្លាំង។ លុះមិនទុកចិត្តក៏បើកកាបូរថយន្តមើល ក៏ឃើញភ្លើងឆេះមានអណ្តាតភ្លើងជះឡើង ក៏នាំគ្នាស្ទុះចុះពីរថយន្តនិងចាត់គ្នារើឥវ៉ាន់រៀងៗខ្លួនរត់ចេញ ហើយភ្លើងក៏បានឆេះខ្លាំងឡើងៗ នៅទីបំផុតរថយន្តនោះក៏ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅពេញទៅដោយអណ្តាតភ្លើងក្រហមច្រាលក្នុងរថយន្តទាំងមូល ។
លោក យន សុភ័ក្រ ថា នេះជាហេតុការណ៍លើកទី១ហើយ ដែលលោកបានជួបប្រទះបន់ស្រន់អស់ហើយវត្ថុស័ក្តិសិទ្ធិ និងចាត់ទុកថាជាសំណាងបំផុត សម្រាប់ក្រុមអ្នកសិល្បៈដូចជារូបលោក ។ឆ្លងកាត់ហេតុការណ៍នេះ លោក យន សុភ័ក្រ បានសូមឲ្យប្រុងប្រយ័ត្នមើលរថយន្តជាមុននៅពេលចេញដំណើរទៅផ្លូវឆ្ងាយ ជាពិសេសឡើងទួលឡើងភ្នំដើម្បីសុវត្ថិភាព ៕

ចែករំលែកព័តមាននេះ