មហាជនបានសម្តែងការភ្ញាក់ បន្ទាប់ពីតារាកំប្លែងអ្នកនាង ខ្ញុង បានលេចវត្តមានជាថ្មីនៅក្នុងផលិតកម្មចម្រៀងមួយ បន្ទាប់ពីបាត់មុខ និងស្ទើរងើបមុខមិនរួចនៅក្នុងអាជីពសិល្បៈរបស់នាង ក្រោយជាប់វាក់វិនជាមួយនឹងបំណុលជុំទិស ។

ផលិតកម្មដែលតារាកំប្លែងរូបនេះច្រៀង ក៏ជាផលិតកម្មចាស់ដែលនាងធ្លាប់ជ្រកកោនពីមុនមកដែរ ខណ់ៈពេលដែលបទចម្រៀងថ្មីរបស់នាងក៏ត្រូវបានចេញជាផ្លូវការហើយដែរ ។
បទចម្រៀងថ្មីរបស់នាងនាពេលនេះ មានចំណងជើងថា «តាក់ស៊ីទៅលេងស្រុក» ដែលជាបទសម្រាប់ស្តាប់កំសាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ។ យ៉ាងណា ក្រោយពីឃើញការផ្សព្វផ្សាយនូវបទថ្មីរបស់អ្នកនាង ខ្ញុង ពីផលិតកម្មមួយនាពេលនេះ គេក៏បានឃើញមហាជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនេះបានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះការវិលត្រឡប់ជាថ្មីរបស់នាងនាពេលនេះ ។

ជាការកត់សម្គាល់ ទន្ទឹមនឹងការបង្ហាញវត្តមានជាតារាចម្រៀងជាថ្មីឡើងវិញ នាពេលនេះ អ្នកនាង ខ្ញុង ក៏បានចូលរួមសម្តែងកំប្លែងជាថ្មីឡើងវិញផងដែរ តាមរយះកម្មវិធីផ្ទះលេខ១ និងផ្ទះលេខ២ ដែលដឹកនាំសម្តែងដោយលោក សុវណ្ណរិទ្ធី ហៅតាវ៉ីចទ័រ ។
ជាការកត់សម្គាល់ តារាកំប្លែងនាង ខ្ញុង បានងាកចេញពីអាជីពសិល្បៈអស់មួយរយៈធំ បន្ទាប់ពីញាំញីដោយសារបំណុលរាប់ម៉ឺនដុល្លារ ។ មូលហេតុសំខាន់ ដែលធ្វើអោយនាងសម្រេចមិនអាចប្រឡូកអាជីពសិល្បៈបន្តទៀតបាននោះ គឺដោយសារនាងមិនចង់អោយក្រុមកំប្លែងដែលនាងធ្លាប់សម្តែងនោះខូចឈ្មោះ ដោយសារតែនាងរងភាពអាម៉ាស់ ដោយសារបំណុលជុំទិសនោះឡើយ។

យ៉ាងណា ក្រោយពីមានការយោគយល់ពីម្ចាស់បំណុល អ្នកនាង ខ្ញុង បានខិតខំតស៊ូរកលុយដោះបំណុលតាមរយៈការ live លក់ផ្អក ប្រហុក ត្រីងៀត និងសម្លៀកបំពាក់តាមអនឡាន ខណៈពេលមុខរបរមួយនេះរបស់នាងក៏មានការកាប់កបគ្រាន់បើផងដែរ ។
យ៉ាងណាកន្លងមក អ្នកនាង ខ្ញុង ក៏ធ្លាប់លើកឡើងថា ក្រោយនាងចាកចេញពីអាជីពសិល្បៈនោះ មេក្រុមរបស់នាងគឺលោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ តែងតែសួរនាំនាង និងមានបំណងចង់អោយនាងចូលកំប្លែងជាថ្មីឡើងវិញផងដែរ ប៉ុន្តែអំឡុងពេលនោះ នាងតែងតែបដិសេធ ដោយសារនាងមិនចង់នាំអោយខូចឈ្មោះស្ថាប័ន និងក្រុមកំប្លែងដែលនាងធ្លាប់ជ្រកកោននោះឡើយ។

ទោះជាយ៉ាងណា ការសម្រេចចិត្តចូលមកអាជីពកំប្លែង និងចម្រៀងជាថ្មីឡើងវិញពីអ្នកនាង ខ្ញុង នាពេលនេះ រូបនាងរំពឹងថា នឹងនៅតែទទួលការគាំទ្រដដែលពីសំណាក់ទស្សនិកជន ខណៈពេលដែលនាងធ្លាប់បានគូសបញ្ជាក់ថា នាងនឹងខំសាងស្នាដៃសិល្បៈកំប្លែងឡើងវិញ ដោយសុំកម្លាំងចិត្តម្នាក់មួយមកបងប្អូន ៕
ចែករំលែកព័តមាននេះ