ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lexus Cambodia រៀបចំ​កម្មវិធី​ពិសា​ភោជនាហារ “ELECTRIFIED EXCLUSIVE DINNER” បង្ហាញ​ពី​នវានុវត្តន៍​នៃ​ថាមពល​អគ្គិសនី និង​បទ​ពិសោធ​ដ៏​អស្ចារ្យ​ប្រកបដោយ​ប្រណីតភាព​

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ០៧ ខែមីនា ឆ្នាំ ​២០២៦ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា…

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ០៧ ខែមីនា ឆ្នាំ ​២០២៦ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា បាន​រៀបចំ​កម្មវិធី​ពិសា​ភោជនាហារ​ពេល​ល្ងាច​ដ៏​វិសេសវិសាល “ELECTRIFIED EXCLUSIVE DINNER” នៅ​អគារ​តាំង​បង្ហាញ​រថយន្ត ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា ប្រកបដោយ​ឧត្តមភាព​ ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណងបង្ហាញ​ពី​នវានុវត្តន៍​ដ៏​ទំនើប​នៃ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី (Electrified) ដោយ​ផ្តោត​លើ​ការ​ច្នៃប្រឌិត​ក្នុង​រចនាបថ​ដ៏​ល្អ​ឯក ដែល​ជា​អនាគត​នៃ​ភាព​ប្រណីត​ប្រកបដោយ​និរន្តរភាព​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា ឧកញ៉ា និង​ភ្ញៀវ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ជា​ច្រើន​រូប ​។

ក្នុង​ឱកាស​សុន្ទរកថា​ស្វាគមន៍ លោក Kensuke Tsushiya អគ្គនាយក​របស់ ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា បាន​សង្កត់ធ្ងន់​ថា បច្ចេកវិទ្យា​អគ្គិសនី​ដែល​មាន​ប្រព័ន្ធ Hybrid ជា​ស្នូល​មួយ គឺជា​បេះដូង​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​អនាគត​ប្រកបដោយ​និរន្តរភាព​ ។ លោក​បាន​បន្ថែម​ថា បច្ចេកវិទ្យា​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​សមត្ថភាព​ខ្ពស់ ភាព​រលូន និង​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​ក្នុង​ការ​បើកបរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​យ៉ាង​មោះមុត​ក្នុង​ការ​ថែរក្សា​បរិស្ថាន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​ ។

ចាប់តាំងពី​ការ​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ មក ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ស្វែង​យល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​តម្រូវការ និង​សេចក្តី​ប្រាថ្នា​របស់​ឧត្ដម​បុគ្គល​គ្រប់​រូប ។ ក្នុង​រាត្រី​នោះ​ផង​ដែរ លោក​អគ្គនាយក​ក៏​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រីក​ត្រកូល​រថយន្ត​អគ្គិសនី​បន្ថែម​ទៀត ដោយ​ធ្វើការ​ណែនាំ​នូវ​ម៉ូ​ដែល រថយន្ត​ដែល​មាន​ម៉ាស៊ីន​ដ៏​ខ្លាំងក្លា ជាមួយនឹង​ថាមពល​ប្រព័ន្ធ​ហា​យ​ប្រ៊ី​ត ការ​សម្រិតសម្រាំង​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​ភាព​ជឿជាក់​លើ​បច្ចេកវិទ្យា​អគ្គិសនី​ ។

រថយន្ត​ម៉ូ​ដែល​នេះ តំណាង​ឱ្យ​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​រវាង​បច្ចេកវិទ្យា​ទំនើប នវានុវត្តន៍ និង​សិល្បៈ​នៃ​រចនាបថ Takumi ដើម្បី​បម្រើ​ទីផ្សារ​កម្ពុជា​ប្រកបដោយ​ឧត្តមភាព ​។ លោក​អគ្គនាយក​ក៏​បាន​មាន​ប្រសាសន៍​អំពី​ចក្ខុវិស័យ​របស់ ឡិច ស៊ឺ​ស ថា ​៖ “​ឡិច ស៊ឺ​ស ជឿជាក់​ថា ភាព​ប្រណីត​ពិតប្រាកដ គឺ​ស្ថិត​នៅ​លើ​នវានុវត្តន៍​ដែល​ផ្តោត​លើ​ការ​គិតគូរ​យ៉ាង​ល្អិតល្អន់​។ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​បន្ត​វិ​វ​ឌ្ឍ​ទៅ​មុខ យើង​ក៏​បន្ត​អភិវឌ្ឍ​ខ្លួន​ដូច​គ្នា ​។ តាម​រយៈ​ចក្ខុវិស័យ Electrified ឡិច ស៊ឺ​ស ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស្វែង​យល់ និង​បំពេញ​រាល់​តម្រូវការ​របស់​អតិថិជន​ជា​និច្ច​ ។​”

ក្រៅពី​ការ​ទស្សនាការ​បង្ហាញ​នូវ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី ភ្ញៀវ​កិត្តិយស​ក៏​បាន​រីករាយ​ជាមួយ​បរិយាកាស​ដ៏​រស់​រវើក ប្រណីត​ឥត​ខ្ចោះ អម​ដោយ​កម្មវិធី​កម្សាន្ត និង​ការ​បកស្រាយ​ចម្រៀង​ពី​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព អ្នក​នាង ពេជ្រ សូលី​កា ព្រមទាំង​ការ​សម្ដែង​ព្យា​ណូ​ដ៏​ពីរោះ​រណ្ដំ​ពី​តន្ត្រីករ​ដ៏​មាន​ទេព​កោសល្យ​លោក សូ ស្រណោះ​ ។

កាន់តែ​ពិសេស​ទៀត​នោះ គឺ​ការ​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​ការ​ពិសា​ភោជនាហារ​បែប​អភិជន ដែល​សម្រិតសម្រាំង​យ៉ាង​ផ្ចិតផ្ចង់​ដោយ ចុងភៅ សៅ សុ​ភ័ក្ត្រ ដែល​ជា​អ្នក​កែ​ច្នៃ​ម្ហូបអាហារ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប និង​ជា​ចុងភៅ​នៅ​ក្នុង Thalias Hospitality Group ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ដឹកនាំ​នៅ​ភោជនីយដ្ឋាន Topaz និង​កន្លែង​ផ្ដល់​សេវា​បដិសណ្ឋារកិច្ច​ម្ហូបអាហារ​ដ៏​ប្រណីត​ល្អ​ឯក​ជា​ច្រើន​ទៀត​ ។

ស្រប​តាម​ការ​កំណត់​និយម​ន័យ​ថ្មី​នៃ​ភាព​ប្រណីត​តាម​រយៈ​សិល្បៈ​នៃ​សិប្បកម្ម Takumi របស់ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ដំណើរ​ជីវិត​របស់​ចុងភៅ សៅ សុ​ភ័​ក្រ ចាប់ផ្តើម​ពី​ចំណុច​ដ៏​សាមញ្ញ រហូត​បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​ពិភពលោក 2025 Private Chef World Cup នៅ​ទី​ក្រុងប៉ារីស បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​លះបង់​មិន​ងាករេ​ចំពោះ​ភាពល្អ​ឥត​ខ្ចោះ​ ។ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកទេស​ធ្វើ​ម្ហូប​ដ៏​ល្អ​ឯក​បែប​បារាំង រួម​បញ្ចូល​ជាមួយ​គ្រឿងផ្សំ​បែប​ម្ហូប​ខ្មែរ ភាព​ប៉ិន​ប្រសប់​របស់​លោក​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ឡិច ស៊ឺ​ស ក្នុង​ការ​រួម​បញ្ចូល​ឧត្តមភាព​កម្រិត​សកល​ជាមួយនឹង​អត្តសញ្ញាណ​នៃ​សិល្បៈ​វប្បធម៌​ដ៏​ល្អ​ឯក​របស់​ខ្មែរ ​។

កម្មវិធី ELECTRIFIED EXCLUSIVE DINNER បាន​បញ្ចប់​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ និង​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ ។ នេះ​គឺជា​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា ក្នុង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ស្រប​តាម​ស្មារតី អូ​ម៉ូ​ទេ​ណា​ស៊ី (Omotenashi) ដែល​តែងតែ​គិតគូរ និង​បំពេញតម្រូវការ​របស់​អតិថិជន​គ្រប់​រូប​លើស​ពី​ការ​រំពឹង​ទុក ​។

អំពី​ឡិច ស៊ឺ​ស
ឡិច ស៊ឺ​ស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៩ ជាមួយនឹង​រថយន្ត Sedan លំដាប់​កំពូល បាន​កែប្រែ​និយម​ន័យ​ថ្មី​នៃ​ឧស្សាហកម្ម​រថយន្ត​លំដាប់ Premium តាម​រយៈ​បទ​ពិសោធន៍​ដ៏​វិសេសវិសាល​សម្រាប់​អតិថិជន​ ។ ក្នុង​ឆ្នាំ ១៩៩៨ ឡិច ស៊ឺ​ស បាន​ផលិត​នូវ​ប្រភេទ​រថយន្ត​តួ​ខ្ពស់​ប្រណីត (Luxury Crossover) តាម​រយៈ​ការ​ប្រកាស​ចេញ​នូវ​រថយន្ត​ម៉ូ​ដែល RX​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈានមុខ​លើ​ការ​លក់​រថយន្ត Hybrid ប្រណីត ឡិច​ស៊ឺ​ស បាន​ប្រកាស​ចេញ​រថយន្ត Hybrid ប្រណីត​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ហើយ​គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៣ ក្រុមហ៊ុន​អាច​លក់​រថយន្ត Hybrid បាន​សរុប​ជាង ២,៦៦​លាន​គ្រឿង រួម​មាន​ប្រភេទ HEV PHEV និង BEV ។
ក្នុង​នាម​ជា​ម៉ាក​រថយន្ត​ប្រណីត​លំដាប់​សកលលោក ជាមួយ​ការ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​បង្ហាញ​ភាព​អង់អាច ការ​ឌី​ហ្សា​ញ​ដ៏​លេចធ្លោ សិល្បៈ​ហត្ថកម្ម​ដ៏​ល្អ​ឯក និង​សមត្ថភាព​ដ៏​ខ្លាំងក្លា​នៃ​ម៉ាស៊ីនរថយន្ត ឡិច​ស៊ឺ​ស បាន​អភិវឌ្ឍន៍​សែស្រឡាយ​រថយន្ត​របស់​ខ្លួន​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នៃ​អតិថិជន​លំដាប់​ខ្ពស់​ជំនាន់​ថ្មី​លើ​សកលលោក ហើយ​បច្ចុប្បន្ន​កំពុង​តែ​មាន​វត្ត​មាននៅ​ជាង ៩០ ប្រទេស និង​ក្នុង​តំបន់ ទូ​ទាំង​ពិភពលោក​។ ក្រុមការងារ ឡិច ស៊ឺ​ស នៅ​ជុំវិញ​ពិភពលោក មានការ​ប្ដេជ្ញា​ខ្ពស់​លើ​ការ​ផ្ដល់​ជូន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ដែល​មាន​តែ​នៅ ឡិច ស៊ឺ​ស ហើយ​ពិតជា​រំភើប​រីករាយ​ក្នុង​ការ​ចូលរួម​ផ្លាស់​ប្ដូរ​ពិភពលោក​ ៕ អត្ថបទសហការ