ទីក្រុងកដ្ឋមណ្ឌូ ៖ លោក Balendra Shah ដែលជាតារាចម្រៀងរ៉េបប្រែក្លាយខ្លួនជាអ្នកនយោបាយ និងជាឥស្សរជនដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងក្រុមមនុស្សជំនាន់ Z ឬ Gen Z (Generation Z) ដ្បិតអ្នកជំនាញវិស្វកម្មសំណង់វ័យ៣៥ឆ្នាំរូបនេះ កំពុងតែបោះជំហានខិតជិtក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់ បន្ទាប់ពីគណបក្សលោកបានឈ្នះដោយសំឡេងគាំទ្រមិនធ្លាប់មានពីមុនមក។
លោក Balendra Shah ឬ Balen និងគណបក្សកណ្តាលនិយម Rastriya Swatantra (RSP) របស់លោកទទួលបានជ័យជម្នះដ៏កម្រជាលើកដំបូងក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីផ្ទុះការតវ៉ាដឹកនាំដោយក្រុម Gen Z ដែលអំឡុងពេលនោះមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយរដ្ឋាភិបាលចាស់ត្រូវបានផ្តួលរំលំ។
ការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានជ្រើសរើសសភាតំណាងរាស្ត្រថ្មី តំណាងឱ្យ ២៧៥ អាសនៈ ដែលសភាជាន់ទាបមាន ១៦៥ អាសនៈតាមរយៈការបោះឆ្នោតដោយផ្ទាល់ និង ១១០ អាសនៈ តាមរយៈតំណាងសមាមាត្រ។
គិតត្រឹមល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ (ម៉ោងនៅក្នុងស្រុក) គណបក្ស RSP របស់លោក Balendra Shah បានឈ្នះ ១២៥ អាសនៈនៅក្នុងចំណោម ១៦៥ អាសនៈ។ យោងតាមរបាយការណ៍ពី BBC Nepali ផ្អែកលើទិន្នន័យ និងរូបមន្តចុងក្រោយបំផុតរបស់គណៈកម្មការរៀបចំការបោះឆ្នោត គណបក្ស RSP ដែលបង្កើតកាលពី៣ឆ្នាំមុននោះ ទំនងជាទទួលបានយ៉ាងហោចណាស់ ៥៨ អាសនៈក្នុងចំណោម ១១០ អាសនៈ ដែលត្រូវបែងចែកតាមតំណាងគណបក្សនីមួយៗ។
មន្ត្រីម្នាក់មកពីគណៈកម្មការរៀបចំការបោះឆ្នោតបានឱ្យដឹងថា ការរាប់សន្លឹកឆ្នោតទាំងអស់នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ (ម៉ោងក្នុងស្រុក) ហើយនឹងបន្តចំណាយពេលយ៉ាងហោចណាស់៤ថ្ងៃ សម្រាប់គណៈកម្មការដើម្បីប្រកាសលទ្ធផលចុងក្រោយជាផ្លូវការ។
លោក Shah បានគូសបញ្ជាក់ពីគោលនយោបាយសុខភាព និងការអប់រំសម្រាប់ប្រជាជនក្រីក្រ ជាចំណុចសំខាន់នៃយុទ្ធនាការរបស់លោក ដោយទទួលបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដី ជាពិសេសក្នុងចំណោមយុវជន Gen Z។ លោកថា ការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងពីការបដិសេធរបស់លោកក្នុងការជ្រើសរើសផ្លូវដឹកនាំបែបងាយស្រួល ហើយសង្កត់ធ្ងន់ដោយបានរាប់បញ្ចូលនូវបញ្ហានានា រួមទាំងការក្បត់ ពុករលួយ ដែលបានប៉ះពាល់ដល់ប្រទេសនេប៉ាល់។
លោក Ramesh Paudyal មេដឹកនាំជាន់ខ្ពស់គណបក្ស Rastriya Swatantra បានថ្លែងថា «នេះជាជ័យជម្នះនៃក្តីសង្ឃឹម និងការផ្លាស់ប្តូរ ហើយក៏ជាការគាំទ្រដ៏ស្រស់ស្អាតបំផុតនៃចលនា Gen Z។ ការគោរពពិតប្រាកដចំពោះបុគ្គលនៃក្រុម Gen Z នឹងត្រូវបានបង្ហាញតាមរយៈការងារជាក់ស្តែង ដែលអនុវត្តជារៀងរាល់ថ្ងៃដោយរដ្ឋាភិបាលដឹកនាំដោយលោក Balendra Shah»៕ ប្រភព ៖ BBC, The Guardian និង Al Jazeera




ចែករំលែកព័តមាននេះ