ភូមិភាគឦសាន្ត ៖ បណ្ដាខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ។

សេចក្ដីជូនដំណឹង របស់ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តដែលស្ថិតនៅភូមិភាគឦសាន្ត រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៣ ៤៧៧កន្លែង កំពុងរង់ចាំបងប្អូន អតីតពលករត្រឡប់ មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម ។

បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យ ដែលខ្លួនពេញចិត្តបានតាមរយៈ ខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត ។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមក ប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ