ខេត្តកំពង់ស្ពឺ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។

តាមរយៈការផ្សព្វផ្សាយ របស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៧,២៥៧កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ទាក់ទងវិស័យឧស្សាហកម្ម ។

បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត ។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារ ជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ