រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ជុំវិញវិធានការរបស់ក្រសួង ស្តីពីការជួយបងប្អូនអតីតពលករ និងពលករដែលមានបំណងត្រឡប់ពីប្រទេសថៃ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា «កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ» ។

អ្នកនាំពាក្យដដែលរូបនេះ លើកឡើងថា បច្ចុប្បន្ននេះកម្ពុជា សម្បូរទៅដោយរោងចក្រសហគ្រាស ដែលកំពុងតែស្រូបយកកម្លាំងពលកម្ម នៅក្នុងស្រុករាប់ម៉ឺននាក់ ដើម្បីយកមកបំពេញតម្រូវការងាររកខ្លួន ។

លោក ស៊ុន មេសា គូសបញ្ជាក់ថា៖ «នៅកម្ពុជាមានការងារធ្វើច្រើន ក្នុងនោះពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលទទួលបានឱកាសការងារមានចំនួនប្រមាណជាង ៨០ម៉ឺននាក់ហើយ បន្ថែមពីនេះ កម្ពុជានៅសល់ឱកាសការងារសម្បូរបែប ជាច្រើនម៉ឺនកន្លែងទៀត ដែលកំពុងរងចាំបងប្អូន» ។

លោកបានសង្កត់ធ្ងន់ថា ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរកការងារធ្វើជូនពលរដ្ឋខ្មែរ អតីតពលករដែលបានត្រឡប់មកពីប្រទេសថៃ និងបងប្អូនពលករ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ ។

គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ប្រមាណជាង ៩៥ម៉ឺននាក់ ដោយក្នុងនោះមានបងប្អូនអតីតពលករខ្មែរ ដែលទទួលបានឱកាសការងារធ្វើចំនួនជាង ៦៣ម៉ឺននាក់តាមរយៈយន្តការក្រសួង និងវិស័យឯកជន នៅតាមរោងចក្រសហគ្រាសទាំងក្នុង និងក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវសាជាថ្មី ទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនអតីតពលករ ដែលមកពីប្រទេសថៃ និងមានបំណងត្រឡប់មកពីប្រទេសថៃ ពិចារណារកឱកាសការងារ ក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ