ខេត្តតាកែវ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីនេះឱ្យដឹងថា ខេត្តតាកែវ មានឱកាសការងារប្រមាណជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។

តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តតាកែវ មានឱកាសការងារចំនួន ៦,៥៦០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យឧស្សាហកម្ម ។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត ។

បើតាមក្រសួងការងារ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រុមការងារក្រសួង ជួយសម្របសម្រួល ស្វែងរកការងារជូនផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ