ខេត្តកំពង់ឆ្នាំង-កំពង់ធំ ៖ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់គ្នានោះ មានឱកាសការងារប្រមាណ ៥ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ៤ ៩១៥កន្លែង និងខេត្តកំពង់ធំ មានឱកាសការងារចំនួន ៦២៧កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម ។

បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត ។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ