រាជធានីភ្នំពេញ ៖ តាមរយៈវេទិកាបូអាវ(BOAO) សម្រាប់អាស៊ី ក្រោមប្រធានបទ « រួមគ្នាដើម្បីការអភិវឌ្ឍ និងឈ្នះ-ឈ្នះ ប្រឹងប្រែងទាំងអស់គ្នាដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ក្នុងសម័យកាលថ្មី» ដែលប្រារព្ធធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីថ្ងៃទី២៦ កញ្ញា កន្លងមក មានក្រុមហ៊ុនធំៗមកពីប្រទេសចិនចំនួន៩បានប្រកាសចុះបញ្ជីវិនិយោគនៅកម្ពុជា បន្ទាប់ពីពួកគេបានចូលរួម ។
វេទិកានេះ មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំ អ្នកជំនួញល្បីៗនៅកម្ពុជា និងមកពីប្រទេសជាសមាជិកជាង២០ ព្រមទាំងក្រុមហ៊ុនចំនួនជាង២០០ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីពង្រីកបណ្តាញទំនាក់ទំនងដោយផ្តោតសំខាន់ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ។ ថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ កញ្ញា ម្សិលមិញ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា តាមរយៈវេទិកាដ៏មានសារសំខាន់នេះ និងមើលឃើញកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនចំនួន៩បានប្រកាសចុះបញ្ជី ដើម្បីវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ។
លោកឧកញ៉ាបានបន្តថា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះបានជួបលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងបានសាកសួរព័ត៌មានអំពីកន្លែងចុះបញ្ជីក្រុមហ៊ុន ដើម្បីពួកគេអាចចាប់ផ្តើមវិនិយោគនៅកម្ពុជា ។
លោកឧកញ៉ាបានបន្តថា ៖« ក្រុមហ៊ុនទាំងនោះនឹងវិនិយោគលើវិស័យបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស អចលនទ្រព្យ ការធ្វើជំនួញតាមបច្ចេកវិទ្យាជាដើម » ។ លោកឧកញ៉ាបន្ថែមថា ៖« គោលដៅនៃវេទិកានេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះរបស់ប្រទេសជាសមាជិក ដែលបច្ចុប្បន្នមានប្រទេសជាង២០ហើយ បានចុះឈ្មោះចូលជាសមាជិកបូអាវ »។
ការរៀបចំវេទិការនេះគឺ ដើម្បីជំរុញសម្រេចនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន និងកម្ពុជានាសម័យថ្មី ។ ទន្ទឹមនោះក៏សំដៅផ្តោតការយកចិត្តទុកដាក់ លើសហប្រតិបត្តិការរវាងចិន-កម្ពុជា ជាចំណុចចាប់ផ្តើម ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍ជោគជ័យ និងគំនិតច្នៃប្រឌិតថ្មីលើកិច្ចសហប្រតិបត្តិការនៅអាស៊ីផងដែរ។ នេះបើតាមអគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី ។
នៅក្នុងវេទិកានេះ លោក លី បាងដុង អគ្គលេខាធិការរូបនេះបានកត់សម្គាល់ថា ៖« ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជាតំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ាន និងអាស៊ី ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាប្រិយភាព និងសក្តានុពលភាពក្នុងការវិនិយោគបំផុតនៅអាស៊ីថែមទៀត »។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា វេទិកាបូអាវសម្រាប់អាស៊ី នឹងផ្តល់កាលានុវត្តភាពធំធេងសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនកាន់តែច្រើនពីប្រទេសចិន និងជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីគោលបំណងរួមនៃវេទិកាបូអាវសម្រាប់អាស៊ី និងគំនិតផ្តួចផ្តើមថ្មីរបស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានស្នើឱ្យពង្រីកការបើកចំហ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសនៅក្នុងតំបន់អាស៊ី ដែលនឹងក្លាយជាឱកាសថ្មីសម្រាប់ប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកដទៃទៀត ។
លោក ប៉ាន សូរស័ក្តិ ថ្លែងថា ៖« នៅក្នុងចំណោមប្រទេសទាំង២៩ ដែលបានព្រមព្រៀងបង្កើតវេទិកាបូអាវសម្រាប់អាស៊ី កម្ពុជាគឺជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង « ខ្សែក្រវាត់មួយ ផ្លូវមួយ » និងមានកំណើនសេដ្ឋកិច្ចរឹងមាំ នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅអាស៊ី »។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលអញ្ជើញជាអធិបតីក្នុងពិធី បានថ្លែងពីកាលានុវត្តភាព និងឱកាសវិនិយោគនៅកម្ពុជា ពិសេសបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ។
លោកឧបនាយករដ្ឋមន្ត្រីបន្ដថា ៖« ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន មានកំណើនយ៉ាងឆាប់រហ័ស។ ជាក់ស្តែងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បានកើនដល់៥,៨ពាន់លានដុល្លារអាមេរិក ខណៈដែលឆ្នាំ២០២០ យើងរំពឹងថា ទំហំពាណិជ្ជកម្មនឹងកើនដល់ជាង៦ពាន់លានដុល្លារអាមេរិក »។
គួរបញ្ជាក់ថា វេទិកាបូអាវ(BOAO ) សម្រាប់អាស៊ី ជាវេទិកាលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឲ្យប្រទេសអាស៊ីកាន់តែខិតទៅជិតគោលដៅអភិវឌ្ឍន៍របស់ប្រទេសទាំងនោះ ខណៈដែលបច្ចុប្បន្ននេះ វេទិកាបូអាវ មានសមាជិកមកពី២៩ប្រទេស ដែលបានជួបប្រជុំ ពិភាក្សាគ្នា លើការងារសហប្រតិបត្តិការ ការងារធុរកិច្ច និងសេដ្ឋកិច្ច ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាដៃគូ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ