រាជធានីភ្នំពេញ ៖ ជនជាតិបរទេសប្រុស២នាក់ និងស្រី៣នាក់កំពុងដើរតាមផ្លូវសំដៅទៅសណ្ឋាគារស្នាក់នៅ ស្រាប់តែជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល ហេតុ
ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៩កែងផ្លូវ១៧៨ នៅចំណុចម្តុំវត្តសារាវ័ន្ត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិបរទេស៥នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រី៣នាក់កំពុងដើរតាមបណ្តោយផ្លួវចំណុចកើតហេតុខាងលើ ក្នុងគោល
បំណងដើរសំដៅទៅរកសណ្ឋាគារដែលស្នាក់នៅម្តុំនោះក្នុងទិសដៅពីជើងទៅត្បូង លុះពេលដើរជិតដល់សណ្ឋាគារទៅហើយក៏ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងប្រភេទអូតូ មិនចាំម៉ាក បានជិះទៅជិត ហើយក៏ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិបរទេសនោះបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះក៏បានសួរនាំ ហើយស្ត្រីជាជនរងគ្រោះបានប្រាប់ថា ក្នុងកាបូបរបស់គាត់មានទូរស័ព្ទដៃចំនួន២គ្រឿង មួយគ្រឿងម៉ាកiPhone 5 និងមួយគ្រឿងទៀតម៉ាកiPhone X ព្រម ទាំងលិខិតឆ្លងដែនចំនួន១ កាតATMមួយចំនួនទៀតផងដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋជ័យជំនះដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ