ខេត្តកែប ៖ ជារៀងរាល់ឆ្នាំឲ្យតែចូលដល់ខែកញ្ញា ខែតុលានេះ ប្រជាពលរដ្ឋតែងតែនាំគ្នាទិញឈឹប ប្រវែង៥ទៅ៨ម៉ែត្រ ចុះអូញក្នុងសមុទ្រយកកូនបង្គារយកមកធ្វើគី ហៅកំពិ សម្រាប់ដោះដូរក្នុងជីវភាពប្រចាំថ្ងៃ ។
បងស្រី ញ៉ែត សាយ អាយុ៦០ឆ្នាំ នៅភូមិកំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរបាននិយាយប្រាប់ឲ្យដឹង កាលពីថ្ងៃទី២៥ កញ្ញាថា ឲ្យតែចូលដល់រដូវបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ខែតុលារយៈពេល២ខែ គឺពលរដ្ឋមកពីគ្រប់ទិសទីបាននាំគ្នាចុះអូសឈឹបក្នុងសមុទ្រយកកូនបង្គារធ្វើគី ។ បងស្រីញ៉ែត សាយ និយាយថា ក្នុងមួយឆ្នាំមានតែ២ខែទេ ដែលពលរដ្ឋអូសឈឹបបានកូនបង្គារ ។
ស្ត្រីរូបនេះបាននិយាយប្រាប់ថា បើអូសប៉ះចំហ្វូងវា តែមួយភ្លាតទេ អាចបានមួយបាវក៏មាន ។ បងស្រីញ៉ែតសាយនិយាយថា កូនបង្គារដែលអូញបានពិតៗពីសមុទ្រនេះបុកធ្វើជាគី ហៅក្រៅកំពិ មិនបាញ់ទឹកកំបោរមិនលាបល័ក្ខឲ្យក្រហមដូចខាងនៅវៀតណាមទេ ។
ពលរដ្ឋម្នាក់ទៀតមកពីភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែបបាននិយាយប្រាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី២៦កញ្ញាថា ថ្ងៃនេះគាត់បានកូនបង្គារចំនួន២បាវដែរ ព្រោះអូសឈឹបចំហ្វូងវាកំពុងហែលយ៉ាងពពាក់ពពូនក្នុងសមុទ្រ តែបើអូសឈឹបខុសពីខែភ្ជុំបិណ្ឌនេះក៏រកមិនបានដែរ ៕
ចែករំលែកព័តមាននេះ