រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួនបន្ទាប់ពីជួបជុំគ្នាផឹកស៊ីជប់លៀងមិត្តភក្កិទិញម៉ូតូថ្មី។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ១៤ ខែមករាឆ្នាំ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២១ ក្នុងភូមិព្រៃព្រីងខាង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលដេកស្លាប់ឈ្មោះ ចូច ចននី ភេទប្រុសអាយុ ១៨ ឆ្នាំជាបុរសពោះម៉ាយ ជាកម្មកររោងចក្រស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកោះគ្របបាយ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥បន្ទាប់ពីចេញធ្វើការបុរសរូបនោះបានទៅចូលរួមផឹកស៊ីគ្នា៣នាក់នៅបន្ទប់ជួលជាមួយមិត្តភក្កិនៅជាន់ទី១ក្បែរបន្ទប់ជួលរបស់ខ្លួនដើម្បីអបអរមិត្តភក្កិទើបតែទិញម៉ូតូថ្មី។
បន្ទាប់ពីផឹកអស់ស្រាបៀរ១កំប៉ុងបុរសរូបនោះបានសុំមិត្តភក្កិមកសម្រាកនៅក្នុងបន្ទប់របស់ខ្លួនតែម្នាក់ឯងវិញដោយប្រាប់ថាមិនស្រួលខ្លួន។
តាមព័ត៌មានឱ្យដឹងទៀតថា នៅវេលាម៉ោង៩យប់ថ្ងៃដដែលមិត្តភក្កិទាំង២នាក់បានយកស្រាបៀរចំនួន៥កំប៉ុងទៅផឹកជាមួយជនរងគ្រោះបន្តទៀត៣នាក់អស់ស្រាចំនួន៥កំប៉ុង។លុះយប់ជ្រៅមិត្តភក្កិម្នាក់ដែលទើបតែទិញម៉ូតូថ្មីនោះបានសុំផ្ញើរម៉ូតូនៅបន្ទប់ជនរងគ្រោះរួចហើយបានបែកគ្នាទៅសម្រាកនៅបន្ទប់ផ្សេងៗគ្នា។នៅព្រឹកឡើងមិត្តភក្កិបានទៅយកម៉ូតូគោះទ្វារហៅអោយបើកទ្វារនិងតេចូលមិនលើកក៍បាននាំគ្នាគាស់ទ្វារស្រាប់តែឃើញបុរសរូបនោះដេកស្លាប់រួចរាយការណ៍ប្រាប់នគរបាលមូលដ្ឋានទាក់ទងទៅនគរបាលជំនាញដើម្បីត្រួតពិនិត្យ។
តាមការត្រួតពិនិត្យនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងគ្រូពេទ្យតុលាការក៏បានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង(ខ្យល់គ)៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/01/0c7338a3d24083f17230292b57b6ff87.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/01/e38cf469262a65141a861047ade055dc.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/01/e0442c571c690303cc8f5fa4a2e82485.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/01/a1d5b5cd36f861f5b29601b306239065.jpg)
ចែករំលែកព័តមាននេះ