រាជធានីភ្នំពេញ ៖ ៣នាក់ឳពុកកូនដែលត្រូវជនប្រមឹកបើកឡានបុកស្លាប់នៅផ្លូវ៦០ម៉ែត្រ កូនស្រីទើបតែ១ខួប កូនប្រុស៣ខួប និងឳពុក ដែលជានាយទាហានរងមួយរូប មានស្នាដៃល្អឆ្នើមនៅក្នុងអង្គភាពថែមទៀតផង ។

គួរបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានចាត់មន្ត្រីនាំយកថវិកា១៥លានរៀល រួមនឹងគ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់ចូលបុណ្យសព និងថវិកា១០លានរៀលទៀត សម្រាប់ភរិយាដែលរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់ ។

គួររំលឹកទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅលើផ្លូវ៦០ម៉ែត បណ្តាលឱ្យមនុស្សមួយគ្រួសារ មានអ្នកស្លាប់៣នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ ក្នុងនោះ៖ ១-លោក ហេង រតនា (ត្រូវជាប្តី) ទទួលមរណភាពក្នុងអាយុ២៩ឆ្នាំ ។ ២-កុមារា សុភ័ក្រ រាជ្យ (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុ៣ឆ្នាំ ។ ៣-កុមារី សុភ័ក្រ យ៉ូរ៉ា (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុជាង១ឆ្នាំ ។ ៤-លោកស្រី នន លក្ខណា (ត្រូវជាភរិយា) អាយុ២៣ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។

ប្រភពពីផេកខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ឱ្យដឹងថា លោកហេង រតនា មានឋានៈជាពលបាលត្រី ជាប្រធានក្រុមការិយាល័យបច្ចេកទេសពិនិត្យជាតិផ្ទុះ និងជាតិគីមីពុលនៃបញ្ជាការដ្ឋានអង្គរក្ស ។ រយៈពេលកន្លងមក ពលបាលត្រី ហេង រតនា ជានាយទាហានរងមួយរូប ដែលមានស្នាដៃល្អឆ្នើមក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុត ជាមួយក្រុមគ្រួសារសព នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពឪពុក និងកូនតូច២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន១៥លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងឧបត្ថម្ភថវិកាចំនួន១០លានរៀលទៀត សម្រាប់ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។

ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា ជូនស្ត្រីជាភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ សូមឱ្យបានឆ្លងផុតពីគ្រោះកាចចង្រៃនេះ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ប្អូនស្រី នន លក្ខណា ត្រូវបានក្រុមគ្រួសារសម្រេចបញ្ជូនចេញពីមន្ទីរពេទ្យលោកសង្ឃទៅព្យាបាលបន្តនៅប្រទេសវៀតណាម ដោយសារតែអាការៈធ្ងន់ធ្ងរពេក ទោះបីជាប្អូនបានក្រោកដឹងខ្លួនក៏ដោយ ។

ក្រោយទៅដល់ប្រទេសវៀតណាម បងប្រុសជីដូនមួយរបស់លក្ខណាបានប្រាប់កម្មវិធី 60 Buzz ថា លក្ខណារបួសធ្ងន់ផ្អែកឆ្អឹង ដោយបាក់ទាំងឆ្អឹងដងកាំបិត ឆ្អឹងជើង ឆ្អឹងត្រគាក ដែលទាមទារឱ្យវេជ្ជបណ្ឌិតត្រូវវះកាត់ច្រើនកន្លែង។ តាមការអះអាងពីបងប្រុសជីដូនមួយរបស់លក្ខណាអះអាងថា មកទល់ពេលនេះ សាច់ញាតិទាំងអស់មិនទាន់ហ៊ានប្រាប់ពីដំណឹងនៃការស្លាប់របស់ស្វាមី និងកូនប្រុសស្រីជាទីស្រលាញ់របស់ប្អូននៅឡើយនោះទេ ព្រោះតែខ្លាចគាត់រន្ធត់ពេកប៉ះពាល់ដល់សុវត្ថិភាព៕







ចែករំលែកព័តមាននេះ