ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋបាលព្រៃឈើក្រចេះបានឱ្យដឹងថា កម្លាំងជំនាញនឹងកសាងសំណុំរឿងលើករណីបង្ក្រាបទូកឈើល្មើសច្បាប់មួយគ្រឿងទៅតាមនីតិវិធីច្បាប់ ដោយមានលួចផ្ទុកឈើជាង១០ម៉ែត្រគូប
និងជាប្រភេទឈើលេខ២ ។
ក្នុងប្រតិបត្តិការនេះ ចូលរួមពីក្រុមមន្ត្រីជំនាញ និងដឹកនាំដោយព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តផងដែរ ធ្វើឡើងកាលពីយប់ថ្ងៃទី២៥ កញ្ញា ស្ថិតនៅកណ្តាលដងទន្លេមេគង្គ ត្រង់ចំណុចឃុំថ្មគ្រែ ស្រុកិត្របុរី ។
ទោះជាបែបនេះ មន្ត្រីរដ្ឋបាលព្រៃឈើនៅមិនបានបង្ហាញអត្តសញ្ញាណម្ចាស់ឈើ ដែលធ្វើអាជីវកម្មដឹកតាមទូកលក្ខណៈទ្រង់ទ្រាយធំនេះទេថា តើជាមេឈ្មួញរូបណានៅឡើយ ។ ប៉ុន្តែក្រុមមន្ត្រីអះអាងថា ក្រោយពីការចាប់បង្ក្រាបទូកឈើមួយគ្រឿងនេះហើយ បាននាំមករក្សាទុក និងរង់ចាំការស្រាវជ្រាវរកម្ចាស់នៅពេលក្រោយ ។
បើតាមព្រះរាជអា្ញររងអមសាលាដំបូងខេត្ត បានឱ្យដឹងថា មិនមានជនណាម្នាក់ ត្រូវបានចាប់ខ្លួនជាមួយករណីបង្ក្រាបទូកឈើមួយគ្រឿងនេះទេ ដោយសារស្ថានភាពពេលនោះ មនុស្សទាំងអស់បានគេចខ្លួន ពេលសមត្ថកិច្ចចុះបង្ក្រាបនោះ ។
មិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ច្បាស់ថា ទូកឈើមួយគ្រឿង ដែលមានផ្ទុកឈើជាង១០ម៉ែត្រគូបនេះ មានប្រភពដឹកជញ្ជូនចេញពីខាងណា និងនាំឆ្ពោះទៅលក់នៅទីណាឱ្យប្រាកដទេ ។ តែបើតាមសេចក្តីរាយការណ៍នានាថា ទូកឈើមួយគ្រឿងនេះ អាចជារបស់មេឈ្មួញដែលមានឥទ្ធិពល ទើបអាចមានលទ្ធភាពយ៉ាងដូច្នេះ ។
ចែករំលែកព័តមាននេះ