រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិមានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវឡើងកាន់តំណែងជាអគ្គស្នងការរងចំនួន៣រូបថ្មីបន្ថែមទៀត ។ ពិធីនេះ ប្រារព្ធធ្វើក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ រួមមាន ១-លោកឧត្តមសេនីយ៍ឯក អុិន បូរ៉ា ២-លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និង ៣-លោកឧត្តមសេនីយ៍ឯក តេង សួន ។
លោកឧត្តមសេនីយ៍ឯក អុិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងលោកឧត្តមសេនីយ៍ឯក តេង សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ។
ក្នុងពិធីប្រកាសតែងតាំងអគ្គស្នងការរងនគរបាលជាតិថ្មី៣រូបទៀតនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍និងផ្តល់យោបល់ថ្មីៗ ពាក់ព័ន្ធទៅនឹងកិច្ចការការងារការពារសន្តិសុខជាតិក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មី ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ