ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អា​មេ​រិ​ក​ស្វែងរក​ដៃគូ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក​ចំនួន​១៦ នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក ដែល​ការ​ជួបជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​-​កម្ពុជា ដោយ​មានការ​សម្របសម្រួល​ពី​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក​ចំនួន​១៦ នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក ដែល​ការ​ជួបជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​-​កម្ពុជា ដោយ​មានការ​សម្របសម្រួល​ពី​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​មួយ ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម ដែល​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ក្រោម​ប្រធានបទ «​ឱកាស​ធុរកិច្ច​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា » ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Rosewood ភ្នំពេញ ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨​ខាង​មុខ​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ៖« គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក មានការ​យល់​ដឹង​ស៊ីជម្រៅ​ទៅ​លើ​វិស័យ​នេះ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ហើយ​ស្វែងរក​មើល​អនាគត​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​មួយ​នេះ »​។ ប្រតិភូ​ទាំង​១៦ តំណាង​ឲ្យ​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក មាន​ដូច​ជា ក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និង​ក្រុមហ៊ុន Syngenta ។ វា​នឹង​មាន​ផង​ដែរ​នូវ​ក្រុមហ៊ុន​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ចែកចាយ​មុខទំនិញ​សំខាន់​ៗ​របស់​អា​មេ​រិ​ក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ។

នៅ​ក្នុង​រយៈពេល​២​ថ្ងៃនេះ សមាជិក​ប្រតិភូ​អា​មេ​រិ​ក នឹង​សិក្សា​ស្វែង​យល់​អំពី​វិស័យ​ផ្សេង​ៗ​ទាក់ទង​នឹង​កសិកម្ម​កម្ពុជា ដូច​ជា ស្រូវ​អង្ករ ចំណី​សត្វ និង​បសុសត្វ និង​វារីវប្បកម្ម ភ្ជាប់​ជា​បណ្តាញ​ក្រុម​អ្នកជំនួញ​ក្នុងស្រុក និង​ទស្សនា​ទីតាំង​ផលិតកម្ម​ក្នុង​មូលដ្ឋាន ។ លើស​ពី​នេះ​ទៀត ពួក​គេ​នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំងនេះ​ភាគច្រើន​ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​វិស័យ​កសិកម្ម និង​មាន​មូលដ្ឋាន​វិនិយោគ​នៅ​ក្នុង​តំបន់​រួច​ហើយ​ដូច​ជា នៅ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បុរី ជាដើម ។

លោក​បន្ត​ថា ក្រុមហ៊ុន​ទាំងនេះ​អាច​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​បរិ​យា​កាល​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ ខណៈ​ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ​ជា​ច្រើន​បាន​វិនិយោគ​នៅ​កម្ពុជា​រួច​ហើយ ។
លោក​បន្ត​ថា ៖« ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ថា​ក្រុមហ៊ុន​ទាំងនេះ នឹង​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ពួក​គេ​បាន​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​រួច​ហើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ