ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​គ្នា​រយៈ​ពេល​ជិត​20​ឆ្នាំ ប្តី​វិល​ត្រឡប់​វិញ​ល្បួង​លក់​ដី ព្យា​បាល​ជំងឺ ខក​ខ្លួន​នៅ​ប៉ៃលិន

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​មាន​ជំងឺ​ទាស់​សរ​សៃ​តាំង​ពី​កូន​នៅ​តូច​ បណ្តាល​ឱ្យ​វៀច​មាត់​វៀច​ក​ រឹង​ជើង​ដៃ​ និយាយ​ស្តី​ស្ទើរ​តែ​មិន​ចេញ​ ហើយ​ត្រូវ​ប្តី​ចុះ​ចោល​តាំង​ពី​កូន​ទើប​នឹង​កើត​នៅ​បាត​ជើង​ក្រហម​រងាល​ លុះ​ដល់​កូន​ធំ​ពេញ​វ័យ​អាយុ​ជិត​១៨​ឆ្នាំ​ ទើប​ឃើញ​ប្តី​រូប​នោះ​ត្រឡប់​មក​វិញ​ ។ ដោយ​ឆក់​យក​ឱកាស​គាត់​ជា​ប្រពន្ធ​មាន​ជំងឺ​ បុរស​ជា​ប្តី​ដែល​អាត្មា​និយម​បំផុត​នេះ​បាន​ល្បួង​គាត់​ឱ្យ​លក់​ដី​កេរ​អាករ​ដែល​ដូន​តា​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​បន្តិច

ខេត្ត​ប៉ៃលិន​ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​មាន​ជំងឺ​ទាស់​សរ​សៃ​តាំង​ពី​កូន​នៅ​តូច​ បណ្តាល​ឱ្យ​វៀច​មាត់​វៀច​ក​ រឹង​ជើង​ដៃ​ និយាយ​ស្តី​ស្ទើរ​តែ​មិន​ចេញ​ ហើយ​ត្រូវ​ប្តី​ចុះ​ចោល​តាំង​ពី​កូន​ទើប​នឹង​កើត​នៅ​បាត​ជើង​ក្រហម​រងាល​ លុះ​ដល់​កូន​ធំ​ពេញ​វ័យ​អាយុ​ជិត​១៨​ឆ្នាំ​ ទើប​ឃើញ​ប្តី​រូប​នោះ​ត្រឡប់​មក​វិញ​ ។ ដោយ​ឆក់​យក​ឱកាស​គាត់​ជា​ប្រពន្ធ​មាន​ជំងឺ​ បុរស​ជា​ប្តី​ដែល​អាត្មា​និយម​បំផុត​នេះ​បាន​ល្បួង​គាត់​ឱ្យ​លក់​ដី​កេរ​អាករ​ដែល​ដូន​តា​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​បន្តិច​បន្តួច​ នៅ​ស្រុក​កំណើត​យក​លុយ​មក​ព្យា​បាល​នៅ​ខេត្ត​ប៉ៃ​លិន​ ។ ប៉ុន្តែ​ទីបំផុត​ប្តី​រូប​នេះ​បាន​យក​លុយ​ដែល​​លក់​បាន​នោះ​ ទៅ​ចាយ​បំផ្លាញ​ស្រី​ញី​អូន​បង​អស់​រលីង​ ។ តម្លៃ​ដី​ដែល​លក់​បាន​នោះ​មាន​តម្លៃ​ប្រមាណ​​១ពាន់​​ដុល្លារ ។​

ស្ត្រី​អភ័ព្វ​ដែល​ប្តី​បំផ្លាញ​ និង​ធ្វើ​បាប​ចិត្ត​ឱ្យ​គ្រាំ​គ្រា​នេះ​ឈ្មោះ​ ទួន​ ផូន​ អាយុ​៤២​ឆ្នាំ​ មាន​ស្រុក​កំ​ណើត​នៅ​ឃុំ​គោក​ចក​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង​ មាន​កូន​ម្នាក់​ឈ្មោះ​ សាយ​ សុភាព​​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​កម្ម​ករ​ ។ ចំណែក​បុរស​ជា​ប្តី​អគតិ​ឈ្មោះ​​ ព្រំ​ ម៉ៅ​ អាយុ​៣៨​ឆ្នាំ​ ជា​ទាហាន​ ។ គាត់​បាន​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​បណ្តោះ​អាសន្ន​អស់​រយៈ​ពេល​ជាង​ពីរ​ខែ​ នៅ​ក្នុង​ភូមិ​ប៉ាហ៊ី​ត្បូង​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ ដែល​ប្តី​ជា​អ្នក​នាំ​មក​ព្យា​បាលរបៀប​លួង​លោម​​ ។

ជួប​ជាមួយ​ស្ត្រី​រង​គ្រោះ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤​ ឧសភា​ ​បាន​រៀប​រាប់​ថា​ គាត់​មាន​ជំងឺ​ទាស់​សរ​សៃ​ដោយ​សារ​កាល​ពី​១៨​ឆ្នាំ​មុន​ ពេល​គាត់​ទើប​តែ​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ ក៏​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​បង​ប្រុស​បង្កើត​ឈ្មោះ​ ទួន​ សាយ​ អាយុ​៤៨​ឆ្នាំ​ពី​រឿង​ព្រំ​ដី​ ក៏​ត្រូវ​បង​វាយ​រហូត​ដល់​ទាស់​សរសៃ​ តែ​ក្រោយ​មក​បង​ប្រុស​ដឹង​កំហុស​បាន​ខិត​ខំ​ប្រឹង​ប្រែង​រក​គ្រូ​ពេទ្យ​ និង​គ្រូ​ខ្មែរ​មក​ព្យា​បាល​អស់​ច្រើន​ដែរ​ តែ​អត់​ជា​ទាល់​តែ​សោះ​ ។

ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​រៀប​រាប់​ទាំង​សំឡេង​មិន​ច្បាស់​ទាក់​ទិន​នឹង​ប្តី​​ឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​រៀប​ការ​រួច​គាត់​រស់​នៅ​ជាមួយ​គ្នា​ ពេល​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​សម្រាល​បាន​កូន​ប្រុស​ម្នាក់​និង​ពេល​គាត់​កូន​ខ្ចី​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ស្រាប់​តែ​ប្តី​របស់​គាត់​ដែល​ជា​ទាហាន​នោះ​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​បាត់​រហូត​មក​ មិន​ដែល​ដឹង​ដំណឹង​អ្វី​សូម្បី​តែ​បន្តិច​ ។ ដោយ​ចង់​ឃើញ​អនា​គត​កូន​ប្រុស​តែ​ម្នាក់​គត់​ ក៏​ខំ​ប្រឹង​ធ្វើ​ការ​ទាំង​ត្រដរ​រហូត​កូន​មាន​អាយុ​១៨​ឆ្នាំ​ អាច​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​គាត់​ជា​ម្តាយ​ដែល​មាន​ជំងឺ​រោគា​ ។ គាត់​បន្ត​ថា​ កាល​ពី​ជាង​២ខែ​មុន​ ស្រាប់​តែ​លេច​មុខ​ប្តី​ដែល​បាត់​ខ្លួន​អស់​១៨​ឆ្នាំ​នោះ​មក​វិញ​ ក៏​បាន​ប្រាប់​គាត់​ថា​ ជំងឺ​នេះ​អាច​ព្យាបាល​ជា​ស្រឡះ​ តែ​ត្រូវ​​លក់​ដី​ទំហំ​២០​អា​ ដើម្បី​ធ្វើ​សោហុយ​ទៅ​ព្យាបាល​នៅ​ខេត្ត​ប៉ៃលិន​ ។ ក្រោយ​លក់​ដី​បាន​ប្រាក់​១​ពាន់​ដុល្លារ​ហើយ​ ក៏​មក​​តាម​ប្តី​នៅ​ខេត្ត​ប៉ៃលិន​នេះ​តែ​ម្តង​ ។ ពេល​មក​ដល់​​ប៉ៃ​លិន​ប្តី​របស់​គាត់​អត់​បាន​យក​ប្រាក់​ទៅ​ព្យាបាល​គាត់​នោះ​ទេ​ បែរ​ជា​យក​ទៅ​ចាយ​បំផ្លាញ​អស់​ តាម​ការ​ដែល​គាត់​ស៊ើប​ដឹង​ គឺ​ប្តី​គាត់​មាន​ប្រពន្ធ​នៅ​ខេត្ត​ប៉ៃលិន​ម្នាក់​ទៀត​ ដោយ​មាន​កូន​បី​នាក់​ធំៗ​អស់​ហើយ​ ។

ជា​រៀង​រាល់​ថ្ងៃ​ គាត់​បាន​កូន​ប្រុស​រក​ស៊ី​ធ្វើ​សំណង់​បាន​ប្រាក់​មក​បង់​ថ្លៃ​ផ្ទះ​ខ្លះ​ និង​យក​មក​ទិញ​អង្ករ​ដាំ​បាយ​ហូប​ខ្លះ​ ។ ចំណែក​ប្តី​ដែល​រស់​នៅ​ជាមួយ​មិន​ដែល​ជួយ​ធ្វើ​អ្វី​នោះ​ទេ​ គឺ​ចេញ​ពី​ផ្ទះ​បាត់ៗ​មិន​ដែល​ឃើញ​សោះ​ ។ លុះ​ដល់​ម៉ោង​បាយ​ទើប​ឃើញ​ត្រឡប់​មក​វិញ​រក​បាយ​ស៊ី​ ។

ស្ត្រី​រូប​នេះ​បន្ត​ឱ្យ​ដឹង​ថា​ ពេល​នេះ​គាត់​មាន​ការ​ឈឺ​ចាប់​ពេញ​រាង​កាយ​ ដោយ​សារ​ជំងឺ​ និង​ដោយ​សារ​ប្តី​ធ្វើ​បាប​ ហើយ​គាត់​ក៏​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដែរ​ តែ​គ្មាន​ប្រាក់​ជាប់​នឹង​ខ្លួន​នោះ​ទេ​ ហើយ​កូន​ប្រុស​ដែល​ខិត​ខំ​ធ្វើ​ការ​ចិញ្ចឹម​គាត់​ជា​រៀង​រាល់​ថ្ងៃ​នោះ​ ក៏​ធ្លាក់​ខ្លួន​មាន​ជំងឺ​ថែម​ទៀត​ ។ ស្ត្រី​អភ័ព្វ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​លាយ​ឡំ​ដោយ​សំឡេង​យំ​ខ្សឹប​ខ្សួល​​ថា​ ជីវិត​ជាតិ​នេះ​ហេតុ​អ្វី​ក៏​អភ័ព្វ​ម៉្លេះ ៕