ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យាយ​ម៉ា​ដែល​ល្បីរឿង​កា.ប់​ព្រៃ​លក់​ដី​រដ្ឋ​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះ​ ពេល​នេះ​ត្រូវ​ចាប់ខ្លួន​​

2 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ យាយ​ម៉ា ឈ្មោះ​ពិត សៅ សាល​ម៉ា រួមនិង​បក្សពួក​មួយ​ចំនួន​ទៀត ​ដែល​ល្បីល្បាញ​ថា ​ពុំ​មាន​អ្នកណា​ហ៊ាន​ប៉ះ​ ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​កាប់​ព្រៃ​វាទ​យក​ដី​រដ្ឋ​លក់​បន្ត​ទៅ​ឲ្យ​ប្រជាជន…

ខេត្តស្ទឹងត្រែង ​៖ យាយ​ម៉ា ឈ្មោះ​ពិត សៅ សាល​ម៉ា រួមនិង​បក្សពួក​មួយ​ចំនួន​ទៀត ​ដែល​ល្បីល្បាញ​ថា ​ពុំ​មាន​អ្នកណា​ហ៊ាន​ប៉ះ​ ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​កាប់​ព្រៃ​វាទ​យក​ដី​រដ្ឋ​លក់​បន្ត​ទៅ​ឲ្យ​ប្រជាជន ពេល​នេះ​ត្រូវ​អស់លក្ខណ៍​ដោយ​ការ​ក្រសោប​ចាប់ខ្លួន​ម្ដងម្នាក់​ៗ ​ក្រោម​ស្នាដៃ​ក្រុម​អន្តរាគមន៍​ពិសេស​របស់​សម្តេច​មហា​បវរ​ធិ​បតី រួម​សហការ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​រួម​ទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។

ឯកឧត្តម​បណ្ឌិត ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយករង​ខុទ្ទកាល័យសម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​​ថា ដោយ​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​សម្ដេច​មហា​បវរ​ធិ​បតី
ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា អោយ​ដឹកនាំ​ក្រុមរងារ​ចុះ​ប្រតិបត្តិការ​ផ្ទាល់ រួម​គ្នា​ជាយ​ឯកឧត្តម​ស្វាយ សំ​អ៊ា​ង ​អភិបាលនៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង គណៈ​បញ្ជាការ​ឯកភាព​ខេត្តស្ទឹងត្រែង ស្ថាប័ន​ពាក់ព័ន្ធ និង​កងកម្លាំង​ចម្រុះ ចុះ​អនុវត្ត​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក​វែក​រកមុខ​មេខ្លោង និង​ជនល្មើស​ដុត​បំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ឱ្យ​ខាង​តែ​បាន​ ។

ជាក់ស្តែង ​នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល​២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​២៩ ខែមេសា​ ឆ្នាំ​២០២៤​នេះ ​ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ក្តៅ​គគុក​នេះ ក្រុមការងារ​បាន​សម្របសម្រួល​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លង់​ចាញ់បោក​មេខ្យល់​ឱ្យ​ពួក​គាត់​យល់ និង​ស្ម័គ្រចិត្ត​ព្រម​រុះរើ​ចាក​ចេញពី​ដី​ក្នុង​តំបន់ការពារធម្មជាតិ​ដោយ​រីករាយ និង​សន្តិវិធី ។

ដោយឡែក​ ក្រុម​មេខ្លោង និង​បក្សពួក​នៅ​ពីក្រោយ​រឿង​នេះ​រួម​មាន ទី​១.យាយ​ម៉ា ឈ្មោះ​ពិត សៅ សាល​ម៉ា ។ ២.​តា​ជ័យ សែន ឈ្មោះ​ពិត សុខ យឿ​ន ។ ៣.​ឈ្មោះ អ៊ិ​ន ភុំ ។ ៤.​ឈ្មោះ សាន តឿ​ង។ ៥.​ឈ្មោះ សន សឿង ។ ៦. ឈ្មោះ សន គាវ​លី ។ ៧.​ឈ្មោះ ទ្រី ស៊ី​នាង ។ ៨.​ឈ្មោះ ហ៊ុន វិបុល ហៅ​វ​ណ្ណា ។ ៩.​ឈ្មោះ ចាន់ រី ហៅ​ជាតិ និង​ទី​១០.ឈ្មោះ ពៀច ចាន់ (​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​អង្គការ​ថែរក្សា​ការពារ​ធម្មជាតិ ប្រចាំ​ខេត្តស្ទឹងត្រែង ខេត្ត​រតន​គ​រី ខេត្តក្រចេះ និង​ខេត្តព្រះវិហារ​) ។​

​ក្នុង​ចំណោម​មេខ្លោង​មានឈ្មោះ​ខាងលើ​ គេ​ល្បី​ថា​ ជា​មេ​ឈ្មួញ និង​បក្សពួក​មេខ្លោង​ដុស​ស្លែ​រឿង​ជួញដូរ​ដី និង​កៀរគរ​មនុស្ស​ឱ្យមក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​ជាង​១​ម៉ឺន​ហិ​កតា​ នៅ​ក្នុង​ខេត្តស្ទឹង​ត្រែង ហើយ​ថែម​ទាំង​ល្បី​ថា​គ្មាន​នរណា​ហ៊ាន​ប៉ះ​សូ​ម្បី​តែ​មួយ​សរសៃ​សក់ និង​ធ្លាប់តែ​បានចិត្ត​ធ្វើ​សកម្មព​ផ្តេសផ្តាស​យ៉ាង​គឃ្លើន ចេះ​តែ​បន្ត​ចលនា​កៀរគរ​ប្រជាពលរដ្ឋ ទាំង​បងប្អូន​ខ្មែរ និង​បងប្អូន​ខ្មែ​-​ឥ​ស្លា​ម ឱ្យមក​រំលោភ​បំពាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ និង​តំបន់​ការ
ពារ​ធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ដើម្បី​លក់ដូរ​ខុសច្បាប់យ៉ាង​អាណា​ធិ​ប​តេ​យ្យ នៅ​ចំណុច​ភ្នំ​ក្រឡា​ពស់ ក្នុង​តំបន់​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ា​ង ស្ថិត​ក្នុងស្រុក​សេសាន និង​តំបន់​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រកា ស្ថិត​ក្នុងស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ពេល​នេះ​ដល់​ថ្ងៃ​អ​ន្សា​រ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ហើយ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​បន្ត​ទៀត​។

ចំពោះ​ដី​ព្រៃឈើ​ដែល​រង​ការ​ដុត​បំផ្លាញ និង​កាប់​ទន្ទ្រាន​ខុសច្បាប់ នៅ​តំបន់​ភ្នំ​ក្រឡា​ពស់ ក្នុង​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ា​ង ស្ថិត​ក្នុងស្រុក​សេសាន ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ប្រមាណ​​៧​ពាន់​ហិ​កតា និង​គ្រោង​រង​ការខូចខាត​ប្រមាណ​៦-៧​ពាន់​ហិ​កតា​បន្ថែម​ទៀត រីឯ​ព្រៃឈើ​ក្នុង​ដែន​ជម្រក
សត្វព្រៃ​ឆែប​-​ព្រះ​រកា ស្ថិត​ក្នុងស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ដែល​រង​ការ​ដុត​បំផ្លាញ និង​កាប់​ទន្ទ្រាន​ខូចខាត​ទាំងស្រុង​ប្រមាណ​ជាង​៦​រយ​ហិ​កតា និង​គ្រោង​រង​ការ​ខូចខាត​ប្រមាណ​៥-៦​រយ​ហិ​កតា​បន្ថែម​ទៀត ត្រូវ​បាន​ក្រុម​ការងារ​អនុវត្ត​ប្រតិបត្តិការ​ពិសេស​រំដោះ​បាន​យក​មក​ប្រគល់​ជូន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​គ្រប់គ្រង​មើលថែ​រក្សា​ការពារ​ជា​សម្បត្តិ​ធនធានធម្មជាតិ​ឡើងវិញ​។

ឯកឧត្តម​បណ្ឌិត ប៉ាន់​ខែ​ម ប៊ុ​ន​ថន ក្នុង​នាម​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​ពិសេស​បាន​រំលឹក​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ឈប់​ចាញ់បោក​មេខ្យល់​អូស​ទាញ​ឱ្យទៅ​ដុត​បំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​តទៅ​ទៀត ហើយ​សូម​បងប្អូន​ទាំងអស់​គ្នា​ស្វែង​យល់​អំពី​តម្លៃ និង​សារៈសំខាន់​របស់​ព្រៃឈើ​សម្រាប់​ជីវិត​មនុស្ស សត្វ និង​ជីវចម្រុះ ព្រោះ​ព្រៃឈើ គឺជា​ជម្រក​សត្វព្រៃ​នានា ព្រៃឈើ​គឺជា​គម្រប​ទប់​ស្កា​ប់​ការ​ឡើងក​ម្តៅ​ផែនដី ព្រៃឈើ​ជា​អ្នក​ទាក់ទាញ​ទឹកភ្លៀង​យ៉ាង​ចាំបាច់ ហើយ​ព្រៃឈើ​ក៏​ជា​អ្នក​ប​ង្កី​ត​ខ្យល់​អុក​ស៊ី​សែន​សម្រាប់​មនុស្ស សត្វ និង​ជីវចម្រុះ ដកដង្ហើម​រស់ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ​ព្រៃឈើ និង​ត្រូវ​ចេះ​ស្រលាញ់​ព្រៃឈើ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ