ខេត្តប៉ៃលិន ៖ បុរសស្ត្រីក្រីក្រ១គ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាជីវភាពប្រចាំថ្ងៃ
និងអត់កន្លែងស្នាក់នៅ ខណ:ដែលរៀងរាល់ថ្ងៃពួកគាត់សុំជង្រុកដាក់កសិផលអ្នកភូមិស្នាក់នៅបណ្តោះអាសន្ន។ រីឯកូនប្រុសស្រីចំនួន២នាក់ ត្រូវបង្ខំចិត្តឱ្យឈប់រៀន ដើម្បីជួយដើរស៊ីឈ្នួលរកថវិកាផ្គត់ផ្គង់គ្រួសារ ព្រោះឪពុកដើរស៊ីឈ្នួលគេម្នាក់ឯង បានប្រាក់កម្រៃតិចតួច មិនអាចផ្គត់ផ្គង់គ្រួសារគ្រប់គ្រាន់ គាប់ជួនស្ត្រីជាប្រពន្ធមានផ្ទៃពោះចំនួន៤ខែទៀត។

បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ វុទ្ធី អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារកាសែតកោះសន្តិភាពដឹង កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ ថា គាត់មានស្រុកកំណើតរស់នៅខេត្តក្រចេះ ដោយមករស់នៅក្នុងខេត្តប៉ៃលិន អស់រយ:ពេលជាច្រើនឆ្នាំហើយ ក៏បានរៀបការជាមួយនឹងប្រពន្ធសព្វថ្ងៃ ឈ្មោះ សុខឿន អាយុ៣៦ឆ្នាំ មានកូនចំនួន៥នាក់ ទី១-ឈ្មោះ សុន ឡុង ភេទប្រុស អាយុ១៧ឆ្នាំ ឈប់រៀន ទី២-ឈ្មោះ សុន បុប្ផា ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀន ទី៣-ឈ្មោះ សុន ឡេង ភេទប្រុស អាយុ៦ឆ្នាំ រៀនថ្នាក់ទី៣ ទី៤-ឈ្មោះ សុន ឡែន ភេទប្រុស អាយុ៥ឆ្នាំ រៀនថ្នាក់ទី១. និងទី៥- ឈ្មោះ សុន ផាន់នី ភេទស្រី អាយុ៤ឆ្នាំ។

រាល់ថ្ងៃនេះ គាត់គ្មានមុខរបរអ្វីក្រៅពីដើរស៊ីឈ្នួលកាច់ពោត ដកដំឡូងមីនៅតាមចំការឱ្យគេ ដោយក្នុង១ថ្ងៃ ទទួលបានប្រាក់កម្រៃចាប់ពី៣០,០០០ទៅ៣៥,០០០រៀល ពោលគឺធ្វើជាកម្មការប្រើកម្លាំងសុទ្ធសាធ ដោយការងារអ្វីក៏លោកធ្វើដែរមិនប្រកាន់ឡើយ ឱ្យតែម្ចាស់ចំការ ឬអ្នកភូមិត្រូវការកម្លាំង។
សព្វថ្ងៃគាត់គ្មានដីផ្ទាល់ខ្លួនសម្រាប់សាងសង់ផ្ទះស្នាក់នៅនឹងគេនោះទេ បើសិនជាម្ចាស់ជង្រុកត្រូវការ លោកនឹងទៅរកសុំកន្លែងគេផ្សេងស្នាក់នៅតាមក្បែរៗចំការ ដើម្បីងាយស្រួលមើលថែចំការឱ្យគេផង ហើយមិនអស់ថ្លៃឈ្នួលដី។ ម្យ៉ាងវិញទៀត ការស្នាក់នៅបែបនេះ គ្មានបន្ទប់ទឹក ឬបង្គន់អនាម័យសមរម្យនឹងគេនោះទេ ពេលបត់ជើងធំម្តងៗ ទោះបីជាពេលថ្ងៃ ឬយប់ គឺជីកដីកប់លាមក ក៏ជួបនឹងការលំបាកពេលរដូវភ្លៀងធ្លាក់ ក៏ព្រួយបារម្ភពីសត្វអាសិរពិសដែរ ពេលចូលបត់ដៃបត់ជើងនៅតាមព្រៃបែបនេះ។

គាត់បញ្ជាក់ថា កាលពីមុន រស់នៅជាមួយនឹងម្តាយ លុះកាលពី៤ឆ្នាំកន្លងទៅ គាត់បានលក់ដីភូមិ និងដីចំការអស់រលីង ក៏ត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ហើយគាត់បបួលទៅឯស្រុកដែរ តែដោយសារនៅទីនោះ ក៏គ្មានដី និងគ្មានផ្ទះផ្ទាល់ខ្លួន ទើបសម្រេចចិត្តមិនត្រឡប់ទៅស្រុកវិញនោះឡើយ សុខចិត្តក្រាញននៀលរស់នៅក្នុងខេត្តប៉ៃលិនបន្តទៀត។
គាត់ក៏បានឱ្យកូនប្រុសម្នាក់ និងកូនស្រីម្នាក់ ឈប់បន្តការរៀនសូត្រ ដោយទៅស៊ីឈ្នួលរកថវិកាសម្រាប់ជួយជ្រោមជ្រែងក្រុមគ្រួសារបន្ថែមទៀត ព្រោះគាត់មិនអាចរកថវិកាតែម្នាក់ឯងផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ។ ជាពិសេសពួកគាត់បារម្ភខ្លាំងពេលនរណាម្នាក់កើតជំងឺម្តងៗ អត់មានលុយកាក់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺនោះឡើយ៕

ចែករំលែកព័តមាននេះ