ខេត្តកំពង់ស្ពឺ ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងតាមបណ្តាផ្លូវសាធារណៈនៅទូទាំងខេត្តកំពង់ស្ពឺ នគរបាលចរាចរណ៍ខេត្តបានដាក់គោលដៅ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងណែនាំ ដល់បងប្អូនអ្នកបើកបររថយន្ដដឹកទំនិញគ្រប់ប្រភេទ និងរថយន្ដដឹកថ្ម-ខ្សាច់ជាដើម ដើម្បីឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ មានតែការគោរពច្បាប់ទេ ទើបអាចកាត់បន្ថយបានបទល្មើសគ្រប់ប្រភេទ! ។
នគរបាលខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលផែនការងារសណ្ដាប់ធ្នាប់ ក្រោមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរងទទួលផែន លោកវរសេនីយ៍ទោ ឈុន ហ៊ុយ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ លោកវរសេនីយ៍ឯក កៅ ផាត នាយការិយាល័យចរាចរណ៍ផ្លូវគោកបានដឹកនាំកម្លាំងជំនាញចុះនៅតាមគោលដៅងាយរងគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើការពិនិត្យលក្ខណៈបច្ចេកទេស និងណែនាំដល់បងប្អូនអ្នកបើកបររថយន្ដដឹកទំនិញគ្រប់ប្រភេទ និងរថយន្ដដឹកថ្ម-ខ្សាច់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវពិនិត្យលើបច្ចេកទេសយានយន្ដមុនចេញដំណើរ និងបើកបរក្នុងទីប្រជុំជនឱ្យស្របតាមការកំណត់របស់ច្បាប់ (ល្បឿនជាការកំណត់លើមធ្យោបាយបង្កគ្រោះថ្នាក់ផ្សេងៗ) ការគោរពច្បាប់ គឺជាការនាំគ្នាកាត់បន្ថយគ្រោះថ្នាក់ទាំងអស់ ដូចនេះ សូមបងប្អូនត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ឱ្យតែចេញដំណើរចេញពីផ្ទះ គឺគិតពីអត្ថិភាពលើសុវត្ថិភាពជាចម្បង ។
ជាចុងក្រោយ នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ធ្វើការអំពាវនាវសូមឱ្យអ្នកបើកបរ(តៃកុងរថយន្ត) មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ជៀសវាងជួបគ្រោះថ្នាក់ដោយប្រការណាមួយ ។ មានតែការគោរពច្បាប់ទាំងអស់គ្នាទេ ទើបជៀសផុតពីបទល្មើសផ្សេងដែលច្បាប់បានកំណត់ ៕
ចែករំលែកព័តមាននេះ