ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​ត្រូវ​តែ​កាត់​រំសាយ​អា.វុ.ធ​ពី​ហាម៉ាស់​ឱ្យ​បាន​ទោះ​បី​ដោយ​សន្តិ​វិធី ឬ​ដោយ​ប្រើ​ប្រាស់​កម្លាំង

19 ម៉ោង មុន

ទី​ក្រុង​​វ៉ាស៊ីនតោន៖ ថ្ងៃ​នេះ​លោក​ត្រាំ​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ថា​ក្រុម​ហាម៉ាស់​ត្រូវ​តែ​ទម្លាក់​អាវុធ​ចុះ​ទោះ​បី​ដោយ​វិធី​ណា​ក៏​ដោយ​។ បើ​ពួក​គេ​មិន​ព្រម​ទម្លាក់​អាវុធ​តាម​សម្រួល​ទេ លោក​គំរាម​ប្រើ​ប្រាស់​កម្លាំង​។ ទន្ទឹម​នឹង​នោះ លោក​ក៏​សូម​អំពាវ​នាវ​ឱ្យ​ពួក​គេ​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​បន្ថែម​ទៀត​ដើម្បី​អនុ​វត្ត​ទៅ​តាម​ស្មារតី​នៃ​បទ​ឈប់​បាញ់​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​វិល​ត្រឡប់​​ពី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​។ ​សម្រាប់​ពេល​នេះ អ្វី​ដែល​គេ​អាច​ដឹង​ច្បាស់​គឺ​ការ​ដូរ​ចំណាប់​ខ្មាំង និង​សាក​សព​ចំណាប់​ខ្មាំង​ជា​មួយ​អ្នក​ជាប់​ឃុំ​…

ទី​ក្រុង​​វ៉ាស៊ីនតោន៖ ថ្ងៃ​នេះ​លោក​ត្រាំ​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ថា​ក្រុម​ហាម៉ាស់​ត្រូវ​តែ​ទម្លាក់​អាវុធ​ចុះ​ទោះ​បី​ដោយ​វិធី​ណា​ក៏​ដោយ​។ បើ​ពួក​គេ​មិន​ព្រម​ទម្លាក់​អាវុធ​តាម​សម្រួល​ទេ លោក​គំរាម​ប្រើ​ប្រាស់​កម្លាំង​។ ទន្ទឹម​នឹង​នោះ លោក​ក៏​សូម​អំពាវ​នាវ​ឱ្យ​ពួក​គេ​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​បន្ថែម​ទៀត​ដើម្បី​អនុ​វត្ត​ទៅ​តាម​ស្មារតី​នៃ​បទ​ឈប់​បាញ់​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​វិល​ត្រឡប់​​ពី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​។

​សម្រាប់​ពេល​នេះ អ្វី​ដែល​គេ​អាច​ដឹង​ច្បាស់​គឺ​ការ​ដូរ​ចំណាប់​ខ្មាំង និង​សាក​សព​ចំណាប់​ខ្មាំង​ជា​មួយ​អ្នក​ជាប់​ឃុំ​ និង​ទណ្ឌិត​ជន​ជាតិ​ប៉ាឡេស្ទីន​។ ​ចំពោះ​លក្ខ​ខណ្ឌ​ដទៃ​ទៀត​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​នោះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​នឹង​អនុ​វត្ត​បាន​ជោគ​ជ័យ​កម្រិត​ណា​ទេ​។ ក្រុម​ហាម៉ាស់​ធ្លាប់​បាន​ប្រកាស​ម្ដង​ជា​ពីរ​ដង​ហើយ​ថា​ខ្លួន​មិន​ទាន់​ទទួល​យក​ផែន​ការ​សន្តិ​ភាព​នោះ​១០០%​ទេ​ ហើយ​ចាំ​ពិគ្រោះ​គ្នា​សិន​។

មិន​ទាន់​អី​ផង​មាន​សញ្ញា​ថា​ហាម៉ាស់​មិន​ត្រឹម​តែ​មិន​ទម្លាក់​អាវុធ​ចុះ​ទេ​ ប៉ុន្តែ​ពួក​គេ​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​សា​ជា​ថ្មី​។ គេ​ឃើញ​យុទ្ធ​ជន​របស់​ហាម៉ាស់​បង្ហាញ​វត្ត​មាន​នៅ​​តាម​ផ្លូវ​ និង​ដើរ​ប្រមូល​ក្រុម​បង​ធំ​ដែល​ធ្លាប់​អាង​យ៉ាង​នៅ​តំបន់​ហ្កាហ្សា​យក​ទៅ​បាញ់​ចោល​ឆៅ​ៗ និង​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ថែម​ទៀត​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​កាល​ម្ហឹក​អ៊ីស្រាអែល និង​ហាម៉ាស់​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​គ្នា​ ក្រុម​បង​ធំ​ទាំង​នោះ​ជា​អ្នក​ប្រឆាំង​នឹង​ហាម៉ាស់ ហើយ​មាន​អ៊ីស្រា​អែល​នៅ​ពី​ក្រោយ​ខ្នង​។ ម៉្លោះ​ហើយ​បង​ធំ​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ហ្កាហ្សា​ និង​ឆក់​ប្លន់​ជំនួយ​មនុស្ស​ធម៌​ដើម្បី​ទុក​លក់​។ ដូច្នេះ​ដល់​ពេល​ដែល​ហាម៉ាស់​បើក​យុទ្ធ​នា​ការ​សង​សឹក​វិញ​ម្ដង​។

ពី​ទី​ក្រុង​វ៉ាស៊ីនតោន លោក​ត្រាំ​បញ្ជាក់​ជំហរ​របស់​លោកដែល​​ចង់​ឃើញ​ហាម៉ាស់​ទម្លាក់​អាវុធ​ចុះ​ព្រោះ​ពួក​គេ​ធ្លាប់​បាន​សន្យា​ថា​នឹង​ធ្វើ​ដូច្នេះ​។ លោក​ត្រាំ​ថា​ការ​កាត់​រំសាយ​អាវុធ​ត្រូវ​តែ​ធ្វើ​​ឡើង​ជា​ការ​ប្រញាប់​។ ទោះ​បី​ធ្វើ​ឡើង​ដោយ​សុទ្ធ​ចិត្ត​ ឬ​ដោយ​ការ​ប្រើ​កម្លាំង​យ៉ាង​ណា​ក្ដី​​ ​ដាច់​ខាត​ត្រូវ​តែ​កាត់​រំសាយ​អាវុធ​។ លោក​​​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​​​បើ​សិន​ហាម៉ាស់​មិន​ព្រម​ទម្លាក់​អា​វុធ​ទេ តើក្រុម​ណា​ ឬ​ប្រទេស​ណា​នឹង​ទៅ​ដក​ហូត​អាវុធ​ពី​ពួក​គេ​ ឬ​ក៏​ថា​តើ​អាមេរិក​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ធ្វើ​អន្តរា​គមន៍​ដែរ​ឬ​ទេ​។

ទោះបី​ហាម៉ាស់​ប្រគល់​ចំណាប់​ខ្មាំង​ដែល​នៅ​រស់​ចុង​ក្រោយ​ម្ភៃ​នាក់ទៅ​ឱ្យ​អ៊ីស្រា​អែល​ក៏​ពិត​មែន​​​ ​ក៏​ប៉ុន្តែ​នៅ​សល់​សាក​សព​ចំណាប់​ខ្មាំង​មួយ​ចំនួន​ទៀត​ដែល​ពួក​គេ​នៅ​រក្សា​ទុក​។ កាល​ពី​ថ្ងៃ​ចន្ទ​ពួក​គេ​ប្រគល់​សាកសព​៤​នាក់​។ ដោយ​សារ​មើល​ឃើញ​ពី​ភាព​យឺត​យ៉ាវ​ដូច្នេះ អ៊ីស្រា​អែល​ព្រមាន​បិទ​ខ្ទប់​ជំនួយ​មនុស្ស​ធម៌​មិន​ឱ្យ​ដឹក​ចូល​តំបន់​ហ្កា​ហ្សា​​។ លោក​ត្រាំ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ថ្វី​ដ្បិត​ចំណាប់​ខ្មាំង​ម្ភៃ​នាក់​វិល​មក​វិញ​ទាំង​រស់​ ប៉ុន្តែ​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ​សាក​សព​ចំណាប់​ខ្មាំង​មិន​ទាន់បញ្ជូន​មក​​អស់​ទេ​។ ក្រោយ​មក​លោក​​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​តាម​មើល​ទៅ​ ហាម៉ាស់​ចេះ​តែ​និយាយ​កុហក​ថា​ពួក​គេ​មាន​សាក​សព​ចំណាប់​ខ្មាំង​។ លោក​យល់​ថា​ពួក​គេ​គ្មាន​សាក​សព​ទាំង​នោះ​ទេ​៕​