រាជធានីភ្នំពេញ ៖ សំណង់អគារចំនួន៧ ដែលជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់ឲ្យអង្គភាព CMAC ក្នុងការផ្ដល់ការហ្វឹកហ្វឺនទាំងបច្ចេកទេសជំនាញ និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យសកម្មភាពកំចាត់មីនទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ នៅខេត្តកំពង់ឆ្នាំង បានសាងសង់រួចហើយ ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន CMAC ខេត្តកំពង់ឆ្នាំង លោកហេង រតនា អគ្គនាយកស៊ីម៉ាក់រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើលក្ខណៈបច្ចេកទេសនៃការបញ្ចប់ការសាងសង់សំណង់អគារចំនួន៧រួមមាន ៖
១. អគារថ្នាក់រៀន១ខ្នង ២ជាន់ចំនួន១០បន្ទប់ ២. អគារអន្តេវាសិកដ្ឋានចំនួន២ខ្នង មានចំនួន ៣០បន្ទប់ អាចដាក់ចំណុះសិក្ខាកាមចំនួនជាង២០០នាក់ ៣. អគារសាលប្រជុំចំនួន១ខ្នង មានចំណុះចំនួនជាង៤០០នាក់ ៤. អគារអាហារដ្ឋានចំនួន១ខ្នង ចំណុះជាង២០០នាក់ ៥. អគារបន្ទប់អនាម័យចំនួន១ខ្នង និង៦. អគារអគ្គិសនីចំនួន១ខ្នង ដែលបានបញ្ចប់ការងារសាងសង់សំណង់គោល ហើយត្រូវធ្វើការផ្ទេរ-ប្រគល់មកឱ្យអង្គភាពCMAC គ្រប់គ្រង ។ ដោយឡែកចំពោះការបំពាក់គ្រឿងសង្ហារឹម ប្រពន្ធ័កុំព្យួទ័រ និងប្រពន្ធ័សម្ភារឧបទេស និងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ ។
សូមជម្រាបថា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន(JICA) បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលផ្ដល់ជូនអង្គភាព CMAC សម្រាប់សាងសង់អគារហ្វឹកហ្វឺនទាំងនេះ ដែលអនុវត្តការងារសាងសងដោយក្រុមវិស្វករនៃក្រុមហ៊ុន Sato Kogyo ប្រទេសជប៉ុន ។
យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ការសាងសង់សំណង់អគារនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានដំណើរការទៅដោយរលូន ស្របតាមផែនការដែលបានកំណត់ ។
ឯកឧត្តមក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលបានជួយជម្រុញ និងគាំទ្រគម្រោងសាងសង់សំណង់អគារទាំងនេះ ។
សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃសម្រាប់ការសាងសង់អគារទាំងអស់ដូចខាងលើ ។
ឯកឧត្តមបានបញ្ជាក់ថា៖«ជំនួយនេះផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រការបង្កើនសមត្ថភាពអង្គភាព CMAC ក្នុងការផ្ដល់ការហ្វឹកហ្វឺនទាំងបច្ចេកទេសជំនាញ និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យសកម្មភាពកំចាត់មីនទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ ជាពិសេសផ្តល់ជូនបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម» ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្ត្រីJICA ក៏ដូចជាក្រុមហ៊ុនconsultants” The consortium of Oriental Consultants Global Co. Ltd and the Japan International Cooperation System” និងក្រុមហ៊ុនសំណង់SATO KOGYO គ្រប់ឋាននុក្រម ដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថា សំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឲ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕
ចែករំលែកព័តមាននេះ