រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិចិន វៀតណាមនិងខ្មែរប្រមាណជាង៣០០នាក់ ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ធ្វើឡើងកាលពីវេលា ម៉ោង ១២និ៣០នាទី យប់រំលង អធ្រាត្រ ឈាន ចូលថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ រហូតដល់ព្រឹក នៅអាគារ យីហោ «ពេជ្រលេីមេឃ» ស្ថិត តាមបណ្ដោយ ផ្លូវ សបិត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីមានការស្រាវជ្រាវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អស់រយៈពេលជាយូរសមត្ថកិច្ចក៏សង្ស័យថា ទីតាំងខាងលើជាកន្លែង ជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនហើយសមត្ថកិច្ចក៏បានចុះឡោមព័ទ្ធនិងឆែកឆេតាំងពីវេលារំលងអធ្រាត្ររហូតដល់វេលាម៉ោងប្រមាណជាង ៩ព្រឹកទើបចប់ប្រតិបត្តិការ ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំក្នុងប្រតិបត្តិការនេះបានឲ្យដឹងថា ទីតាំងខាងលើមើលនេះ បើមើលពីក្រៅដូចជាការដ្ឋានដែលកំពុងតែសាងសង់ ដើម្បីបន្លំភ្នែកមហាជននិងសមត្ថកិច្ច ប៉ុន្តែតាមការពិតនៅខាងក្នុងស្អាតមិនធម្មតា ។
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តថា នគរបាលមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន ចុះឡោមព័ទ្ធ ទីតាំងអគារ យីហោ «ពេជ្រលេីមេឃ» នៅក្បែរស្ពានហង្ស ត្រូវបានបង្ក្រាប គ្រឿងញៀនដោយឃាត់ខ្លួនជនជាតិចិន វៀតណាមនិងខ្មែរ ។
ជាក់ស្តែងជនសង្ស័យប្រុសស្រីជាង៣០០ នាក់ នៅក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិខ្មែរ ព្រមទាំងដកហូត គ្រឿងញៀន ប្រភេទកេតាមីនជាច្រើនផងដែរ ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីចម្រុះជាតិសាសន៍ទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ