រាជធានីភ្នំពេញ ៖ ចោរឆក់ម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវបង្ក្រាបបានបន្ទាប់ពីធ្វើសកម្មភាពឆក់ប្រដាប់ដោយកាំភ្លើងខ្លី៣ករណីផ្សេងគ្នា ។
ចោររូបនេះឈ្មោះ មាន ម៉េងជូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។ តាមនគរបាលបានឲ្យដឹងថា ចោរម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៣០នាទីព្រឹក ពាក់ព័ន្ធករណីឆក់ប្រដាប់កាំភ្លើងខ្លីចំនួន៣ករណី ។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ករណីទី១ ឆក់ទូរស័ព្ទដៃ១គ្រឿងបានសម្រេច នៅចំណុចមុខម៉ាតអូរឡាំពិក តាមផ្លូវ២០៥ ភូមិ៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៥ ។
ករណីទី២ ឆក់ខ្សែកមិនបានសម្រេច នៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ជនរងគ្រោះមិនដាក់ពាក្យបណ្ដឹង ។
ករណីទី៣ ឆក់ខ្សែកបានសម្រេច នៅចំណុចមុខហាងលក់ម៉ូតូយីហោ អាត ម៉េងហុង ផ្ទះលេខ២A ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។ ជនរងគ្រោះដាក់ពាក្យបណ្ដឹង។
បច្ចុប្បន្ន ចោរឆក់រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ