ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ជម្លោះព្រំដែន​កម្ពុជា​-​ថៃ កម្ពុជា​ព្យា​យាម​អត់ធ្មត់ និង​ការ​ប្រកាន់​គោល​ជំហរ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​បង្ហាញ​ឫសគល់ និង​ស្ថានភាព​ពិត​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ថា កម្ពុជា​មានការ​ព្យាយាម​អត់ធ្មត់ និង​ការ​ប្រកាន់​គោល​ជំហរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​បង្ហាញ​ឫសគល់ និង​ស្ថានភាព​ពិត​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ថា កម្ពុជា​មានការ​ព្យាយាម​អត់ធ្មត់ និង​ការ​ប្រកាន់​គោល​ជំហរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ។

នៅ​ចំពោះ​មុខ​ភាព​គឃ្លើន​នៃ​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ឫសគល់ និង​ស្ថានភាព​ពិត​នៃ​ជម្លោះព្រំដែន ការ​ព្យាយាម​អត់ធ្មត់ និង​ការ​ប្រកាន់​គោល​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​អនុលោម​តាម​ច្បាប់​អន្តរជាតិ និង​បាន​ស្នើ​ឱ្យ​ភាគី​មិត្ត​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​ពង្រីក​ជម្លោះ និង​គោរព ព្រមទាំង​អនុវត្តន៍​នូវ​បទ​ឈប់​បាញ់​ដែល​បាន​ឯក​ភាព​ព្រមព្រៀង​គ្នា ដើម្បី​អាច​វិល​ទៅ​រក​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​ឡើង​វិញ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត​មាន​ស្តី​ពី​លទ្ធផល​សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញផ្សាយ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥​។

នៅ​ក្នុង​សម័យប្រជុំ​នេះ​ដែរ ព្រឹទ្ធសភា​បាន​សម្តែង​នូវ​ការ​ដឹងគុណ​ជូន​វីរ​កងទ័ព​ជួរ​មុខ​ដ៏​អង់អាច​ក្លាហាន​ទាំងអស់ ដែល​បាន​ខិតខំ​តស៊ូ​ការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ និង​សូម​ថ្លែង​នូវ​ការ​គោរព​និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរភាព​ដឹកនាំ​ប្រកបដោយ​ភាព​វៀងវៃ និង​មនសិការ​ស្នេហា​ជាតិ​ដ៏​ស្មោះសរ​ខ្ពង់ខ្ពស់​បំផុត​របស់សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ដឹកនាំ គ្រប់គ្រង​សភាពការណ៍​របស់​ប្រទេស​ជាតិ និង​តែងតែ​ស្ថិត​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។

សេចក្ដី​ប្រកាស​ព័ត​មានបាន​ឱ្យ​ដឹង​ដែរ​ថា ក្នុងអំឡុងពេល​បី​ខែ​នៃ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣​និង​លើក​ទី​៤​ព្រឹទ្ធ​សភា​នីតិកាល​ទី​៥ (០៧​កក្កដា​-០៦​តុលា ២០២៥) ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណៈកម្មការ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទាំង​៨​ក្រុម សមាជិក និង​សមាជិក​សមាជិកា​ព្រឹទ្ធសភា​បាន​ខិតខំ​បំពេញការងារ​ជា​ប្រក្រតី​ក្នុង​ព្រឹទ្ធសភា​និង​សកម្ម​ក្នុង​ការ​ចុះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​ក្នុង​ភូមិភាគ​របស់​ខ្លួន ព្រមទាំង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​ស្មារតី​រួម​គ្នា​ជា​ធ្លុង​មួយ​សាមគ្គីភាព​និង​ឯកភាព​ជាតិ​តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ និង​លើកទឹកចិត្ត​កងកម្លាំង​វីរ​យុទ្ធ​ជន​ការពារ​ជាតិ​ជួរ​មុខ​និង​ជនភៀសសឹក​នៅ​តាម​បណ្តា​ខេត្ត​នៅ​ព្រំដែន​៕