ខេត្តបាត់ដំបង ៖ ឧបករណ៍នេសាទ (សាច់អួន) ចំនួន០៣កន្លែង រួមទាំងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានកម្លាំងយោធភូមិភាគទី៥ សហការជាមួយមន្ត្រីជលផល ចុះរុករកឃើញ ហើយត្រូវកាប់បំផ្លាញចោល កាលពីថ្ងៃទី១៥ តុលា នៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាពូង ស្រុកថ្មគោល ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងយោធា និងមន្ត្រីជលផលបានចុះកាប់កំទេចវត្ថុតាងបទល្មើសនេសាទចំនួន០៣កន្លែង តែរកមុខម្ចាស់បទល្មើសមិនឃើញទេ ។ សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ ដែលជនល្មើសប្រើប្រាស់ដាក់ពង្រាយស្ទាក់ចាប់ត្រីនោះ ជាប្រភេទ«សាច់អួន»ក្រឡាញឹក ដែលច្បាប់ជលផលបានហាមឃាត់ ហើយត្រូវបានកាប់កម្ទេចចោលទាំងអស់ ។
បើតាមរបាយការណ៍ដែលបានបង្ហាញលទ្ធផល គឺសមត្ថកិច្ចបានកាប់បំផ្លាញចោលនូវ«សាច់អួនប្រវែង៥៥០ម៉ែត្រ បង្គោលឈើសម្រាប់បំពាក់សាច់អួនចំនួន២៣០ដើម និងឡុកចាប់ត្រីចំនួន០៥» ។ ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណម្ចាស់បទល្មើសនេសាទខាងលើនេះទេ ។
សូមបញ្ជាក់ថា កម្លាំងចម្រុះដែលជារឿយៗនាំមុខដោយកម្លាំងយោធភូមិភាគទី៥ បានចុះបង្ក្រាបបទល្មើសនេសាទនេះជាញឹកញាប់នៅតំបន់បឹងទន្លេសាប តាមបណ្ដាភូមិសាស្ត្រនានា ក្នុងស្រុកមោងប្ញស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលជាស្រុកមានទឹកដី ជាប់នឹងតំបន់បឹងទន្លេសាប ។
ក្នុងកិច្ចប្រតិបត្តិការម្ដងៗ កម្លាំងសមត្ថកិច្ចបានកាប់កំទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ (សាច់អួន) រាប់សិបកន្លែង និងរាប់ពាន់ម៉ែត្រ តែជនល្មើសនៅតែលួចបង្កើនបទល្មើសឡើងវិញបានដដែល ។ នេះដោយសារតែសមត្ថកិច្ចបំផ្លាញចោលតែវត្ថុតាង ប៉ុន្តែចាប់មិនបានជនល្មើស ។ ដូច្នេះហើយ ទើបជនល្មើសមានឱកាសប្រព្រឹត្តបទល្មើសដដែលៗនេះបានយ៉ាងរលូន៕
ចែករំលែកព័តមាននេះ