រាជធានីភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាយប់ថ្ងៃទី១៥ ខែតុលានេះថា ៖ ចរន្តនៃក្រុមជ្រុលនិយមថៃបាន និងកំពុងទិតៀនវាយប្រហារយ៉ាងចាស់ដៃទៅលើលោកជំទាវសមាជិកព្រឹទ្ធសភា Angkhana Neelapaijit រហូតដាក់សម្ពាធឲ្យលោកជំទាវលាលែងចេញពីសមាជិកព្រឹទ្ធសភាទៀតផង ដោយចោទប្រកាន់ថា គាត់មានបេះដូងជាខ្មែរ ក្នុងការរិះគន់កន្លងមកទៅលើក្រុមទាហានថៃ បើកដៃឲ្យបុគ្គលកាន់ ចមផាឡាំង ប្រើសំឡេងរំខានបំភិតបំភ័យ យាយីផ្លូវចិត្តដល់ប្រជាជនខ្មែរ ដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់បានធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ ។
លោក កែវ រ៉េមី បានបញ្ជាក់ថា ជាការពិតណាស់ អ្វីដែលលោកជំទាវ Angkhana Neelapaijit បានប្រតិកម្ម មិនមែនគាំទ្រដល់ខ្មែរនោះទេ តែផ្ទុយទៅវិញ គឺគាត់បាន និងកំពុងលើកមុខមាត់ឲ្យរាជរដ្ឋាភិបាលថៃ នៅលើឆាកអន្តរជាតិបានបង្ហាញថា នៅក្នុងប្រទេសថៃ នៅមានបញ្ញវ័ន្តចេះដឹងខុសត្រូវ នៅមានអ្នកជំនាញច្បាប់ជាតិ ច្បាប់អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ។
មុនពេលលោកជំទាវប្រតិកម្ម មិត្តភ័ក្តិអន្តរជាតិទាំងឡាយ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្រៅស្រុកបាននិយាយប្រាប់ខ្ញុំថា: ការយល់ដឹងរបស់ទាហានថៃ និងនាយករដ្ឋមន្ត្រីថៃដូចកូនក្មេងបៀមដៃ គ្មានការយល់ដឹងពីច្បាប់អន្តរជាតិទាល់តែសោះ មិត្តអឺរ៉ុបខ្លះទៀតនិយាយថា សមត្ថភាពនាយករដ្ឋមន្ត្រីថៃ ដែលមិនកើតចេញពីឆន្ទ:រាស្ត្រមើលទៅមានកម្រិត ។
ដោយឡែក សម្រាប់ខ្លួនខ្ញុំផ្ទាល់ នៅពេលដែលបានឃើញការលើកឡើងរបស់លោកជំទាវសមាជិកព្រឹទ្ធសភាថៃ និងឥស្សរជនថៃដទៃទៀត បានធ្វើឲ្យខ្ញុំមានការផ្លាស់ប្តូរនូវទស្សន: ផ្ទាល់ខ្លួនមួយចំនួនដោយយល់ថា ប្រទេសថៃ នៅមាន និងសម្បូរអ្នកចេះដឹង បើទោះជាអ្នកខ្លះហ៊ាននិយាយ ឬអ្នកខ្លះទៀតមិនហ៊ាននិយាយក៏ដោយ ក៏ពួកគេមិនឯកភាពនូវទង្វើថោកទាបនេះដែរ ។
រាល់ការនិយាយស្តីរបស់ខ្ញុំៗ ត្រូវមានការប្រុងប្រយ័ត្នជាងមុន ត្រូវបែកចែកឲ្យច្បាស់ចំពោះក្រុមជ្រុលនិយម និងមិនជ្រុលនិយម ។ ទង្វើព្រៃផ្សៃរបស់ក្រុមជ្រុលនិយមមិនឆ្លុះបញ្ចាំងនូវសង្គមថៃទាំមូលនោះទេ ។
លោក កែវ រ៉េមី បានបន្តថា ខ្ញុំដឹងច្បាស់ថា គាត់ជាជនជាតិថៃច្បាស់ណាស់ គាត់មិនបម្រើផលប្រយោជន៍ឲ្យជាតិសាសន៍ដទៃជាងជាតិសាសន៍របស់គាត់នោះទេ ។ ការទិតៀនប្រតិកម្មតបរបស់ក្រុមគាំទ្រដោយទាហានថៃ និងរាជរដ្ឋាភិបាលថៃ ប្រៀបបីដូចកូនសត្វស្លាបមួយក្បាល ដែលមិនបានដឹងពីគំនិតរបស់សត្វឥន្ទ្រី ។
ហេតុអ្វីបានជា ខ្ញុំសរសើរគាត់ ពីព្រោះប្រទេសខ្ញុំត្រូវការអ្នកជិតខាងល្អ ត្រូវការមនុស្សល្អ មានការយល់យោគគ្នា រួមគ្នារក្សានូវសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែនកម្ពុជា-ថៃ ។ ការបាត់បង់លោកជំទាវព្រឹទ្ធសភា Angkhana Neelapaijit គឺជាការបាត់បង់នូវធនធានដ៏កម្ររបស់ប្រទេសថៃ ៕
ចែករំលែកព័តមាននេះ