ខេត្តសៀមរាប ៖ រាល់ពេលដែលភ្ញៀវទេសចរបានឈានជើងចូលមកទស្សនា ប្រាសាទអង្គរវត្ត តាមរយៈច្រកទ្វារទិសខាងលិច ពួកគេនឹងបានគយគន់នូវទិដ្ឋភាពដ៏ត្រកាល និងស្គឹមស្កៃនៃសំណង់ប្រាសាទបុរាណ ។ ប្រាសាទនេះលេចត្រដែតឡើងយ៉ាងសក្តិសមបំផុត ដែលជា និមិត្តរូបនៃព្រលឹងជាតិខ្មែរ ដ៏មហិមា ។
ជាក់ស្តែងអាជ្ញាធរជាតិអប្សរា បានប្រកាសនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែតុលានេះថា ការដែលចូលមកទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីច្រកចូលទិសខាងលិច ទេសចរគ្រប់រូបនឹងអាចមើលឃើញនូវទិដ្ឋភាពនៃសំណង់ប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ លេចត្រដែតដ៏ស្គឹមស្កៃ លាយលំជាមួយធម្មជាតិ រុក្ខជាតិតូចធំនានា មានសោភ័ណភាពគ្មានគូប្រៀប។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា មុននឹងចូលទៅដល់នៃប្រាង្គប្រាសាទ ទេសចរដើរឆ្លងកាត់ស្ពានហាល កសិន្ធុទឹក ខ្លោងទ្វារ ដែលមើលពីចម្ងាយទេសចរបានគយគន់កំពូលនៃប្រាសាទអង្គរវត្ត នាំឱ្យទេសចរបំភ្លេចមិនបាន នូវស្នាដៃរចនាសម្ពន្ធស្ថាបត្យកម្មដូនតាខ្មែរ ក៏ដូចជា ការគោរពលើកតម្លៃប្រាសាទអង្គរវត្តផង ។
ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ខិតខំរៀបចំបរិវេណខាងមុខប្រាសាទអង្គរវត្ត ឱ្យសក្តិសមនឹងអច្ឆរិយៈវត្ថុនៅក្នុងសកលលោក សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីគ្រប់ទិសទី៕
ចែករំលែកព័តមាននេះ