ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​កាន់តែ​មាន​សញ្ញា​ល្អ​ប្រសើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា នៅ​អំឡុង​ពេល​នេះ ម្ចាស់​ពាណិជ្ជ​នាម​(​ម៉ាក​យីហោ​) សម្លៀក​បំពាក់​ល្បី​ៗ​លើ​ពិភពលោក រួម​ជាមួយ​ភាគី​រាជរដ្ឋាភិបាល និយោជក និង​សហជីព…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា នៅ​អំឡុង​ពេល​នេះ ម្ចាស់​ពាណិជ្ជ​នាម​(​ម៉ាក​យីហោ​) សម្លៀក​បំពាក់​ល្បី​ៗ​លើ​ពិភពលោក រួម​ជាមួយ​ភាគី​រាជរដ្ឋាភិបាល និយោជក និង​សហជីព ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ កំពុង​ពិភាក្សា​គ្នា​លើ​គម្រោង​បង្កើត​អនុសញ្ញា​រួម​មួយ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​វិស័យ​កាត់ដេរ ក្នុង​នោះ​ការ​ធានា​ការ​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា ក៏​ជា​គោលបំណង​ដ៏​សំខាន់​មួយ​ដែរ ។

លោក​រដ្ឋមន្ត្រី អុ​ិ​ត សំ​ហេង បាន​មាន​ប្រសាសន៍​នៅ​ក្រោយ​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​តំណាង​ពាណិជ្ជ​នាម​សម្លៀក​បំពាក់​ល្បី​ៗ​លើ​ពិភពលោក ដឹកនាំ​ដោយ​លោក Frank Hoffer នាយក​ប្រតិបត្តិ​គំនិត​ផ្ដួចផ្ដើម​នៃ​គម្រោង​សកម្មភាព​ដើម្បី​ការ​ប្រែប្រួល​ផ្នែក​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ហៅ​កាត់​ថា​(ACT) នា​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​មក​ថា ការ​ពិភាក្សា​គ្នា​នៅ​ថ្ងៃនេះ គឺ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ជា​វឌ្ឍនភាព​របស់​គម្រោង​ACT ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​កន្លង​មក ។ គោលដៅ​នៃ​គម្រោង​នេះ គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​រួម​គ្នា​មួយ ឬ​ហៅ​ថា «​អនុសញ្ញា​រួម​» នៅ​ក្នុង​ក្របខ័ណ្ឌ​រោងចក្រ និង​នៅ​ក្នុង​វិស័យ (​លើ​ក្របខ័ណ្ឌ​រោងចក្រ​)​។

ការ​ពិភាក្សា​គ្នា​អំពី​អនុសញ្ញា​រួម​នេះ គឺ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ដៃគូ​ពាក់ព័ន្ធ​នានា​ចូលរួម​ឱ្យ​បាន​កាន់តែ​ច្រើន រួម​ទាំង​អ្នកបញ្ជា​ទិញ​ទាំងឡាយ​ផង​ដែរ ពីព្រោះ​ប្រសិនបើ​មានការ​ឯកភាព​ក្នុង​ការ​រៀបចំ​អនុសញ្ញា​រួម​នេះ អ្នកបញ្ជា​ទិញ​ក៏​ត្រូវ​ធានា​ថា នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​រយៈពេល​វែង​តទៅ​មុខ​ទៀត​ដែរ អាច​រហូត​ដល់​៤​ឆ្នាំ​ឬ​៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​គម្រោង​ACT ដាក់​បញ្ចូល​នូវ​បញ្ហា​ផ្សេង​ៗ ដើម្បី​ធានា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង សម្រាប់​កម្មករនិយោជិត​នៅ​កម្ពុជា ដូច​ជា ការ​ធានា​ឱ្យ​និយោជក និង​អ្នកបញ្ជា​ទិញ​ទាំងឡាយ​គាំទ្រ​ដល់​កម្មវិធី​របប​សន្តិសុខ​សង្គម​(​បស​ស​) ដែល​ទាក់ទង​នឹង​ការ​ធានា​រ៉ាប់រង​ហានិភ័យ​ការងារ ការ​ថែ​ទាំង​សុខភាព ហើយ​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​នឹង​ដាក់​ឱ្យ​អនុវត្ត​នូវ​របប​សោធន​និវត្តន៍ ។ ក្រៅពី​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​បញ្ចូល​កម្មវិធី​ផ្សេង​ទៀត ដូច​ជា គម្រោង​សុវត្ថិភាព​ចរាចរណ៍ បញ្ហា​អនាម័យ និង​សុខភាព ដើម្បី​ទប់ស្កាត់​ករណី​ដួល​សន្លប់​ចំពោះ​កម្មករនិយោជិត​ក្នុង​រោងចក្រ​នានា​ជាដើម ។ លោក​បន្ត​ថា ៖« ទៅ​ថ្ងៃ​អនាគត គម្រោង​ACT​នេះ នឹង​បន្ត​ការ​ពិភាក្សា​គ្នា​បន្ត​ទៅ​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​ចុះ​អនុសញ្ញា​រួម​មួយ ដូច​មាន​រៀបរាប់​នៅ​ខាងលើ »​។

គម្រោង​ACT​គឺជា​កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​ម្ចាស់​ម៉ាក​កម្រិត​ពិភពលោក​មួយ​ចំនួន អាជីវករ​លក់រាយ និង​សហជីព​មួយ​ចំនួន ដើម្បី​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង និង​សម្រេច​បាន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករនិយោជិត តាម​រយៈ​ការ​ចរចា​ជា​សមូហភាព​នៅ​ថ្នាក់​វិស័យ ដោយ​ភ្ជាប់​ជាមួយនឹង​ការ​គាំទ្រ​ក្នុង​ការ​កែសម្រួល​បែបបទ​នៃ​ការ​បញ្ជា​ទិញ និង​ម្ចាស់​ម៉ាក ។

គោលបំណង​របស់​ACT គឺ​ការ​ប្តេជ្ញា​ចិត្ត​កម្រិត​អន្តរជាតិ ក្នុង​ការ​សម្រេច​ឱ្យ​បាន​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ក្នុង​វិស័យ​មួយ ដោយ​បាន​បង្កើត​ឱ្យ​មាន​ជា​ក្របខ័ណ្ឌ​មួយ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​មាន ម្ចាស់​ម៉ាក និង​អាជីវករ​លក់រាយ សហជីព រោងចក្រ សហគ្រាស និង​រាជរដ្ឋាភិបាល អាច​អនុវត្ត​ទំនួល​ខុស​ត្រូវ​និង​តួនាទី​របស់​ខ្លួន ក្នុង​ការ​សម្រេច​ឱ្យ​បាន​ប្រាក់​ឈ្នួល​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ