រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឱ្យដឹងថា តាមទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅថា CDC បានអនុម័តលើគម្រោងវិនិយោគសាងសង់សណ្ឋាគារមានទឹកប្រាក់ជាង២៧០លានដុល្លារក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ខណៈដែលកម្ពុជាកំពុងត្រូវការដៃគូវិនិយោគទៅលើផលិតផលទេសចរណ៍បន្ថែម ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ក្នុងវេទិកាលើកទី១ ស្តីពីការវិនិយោគលើវិស័យទេសចរណ៍កម្ពុជាកាលពីពេលថ្មីៗនេះថា តាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ CDCបានអនុម័តលើគម្រោងវិនិយោគសាងសង់សណ្ឋាគារចំនួន៥ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២៧០លានដុល្លារ ។ លោកបញ្ជាក់ថា ៖« យោងតាមទិន្នន័យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគតាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ មាន២.៥៤១ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ៥៨ពាន់លានដុល្លារ ក្នុងចំណោមគម្រោងទាំងនោះ មានវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធចំនួន១៨៥គម្រោងដែលមានទុនវិនិយោគចំនួនប្រមាណ២៣ពាន់លានដុល្លារ »។
បើតាមលោករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជាសម្រេចបាននូវយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនាពេលអនាគត កម្ពុជាក៏ត្រូវការការវិនិយោគនិងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតទៅលើអ្វីដែលកំពុងតែសព្វថ្ងៃ ។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖« ក្នុងយុទ្ធសាស្ត្រទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិចំនួន១៥លាននាក់ និងទេសចរជាតិ១៥លាននាក់ក្នុងឆ្នាំ២០៣០ ព្រមជាមួយនឹងផែនការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ គោលដៅទេសចរណ៍ដែលមានស្រាប់ យើងខ្ញុំក៏ត្រូវការឱ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដូចជា ទីក្រុងទេសចរណ៍ស្អាត និងបៃតងថ្មីទំនើប, តំបន់ទេសចរណ៍ទាក់ទាញ នៅតំបន់ឆ្នេរ ឬកោះ, មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍, រមណីយដ្ឋាន, តំបន់ទេសចរណ៍ផ្ទះទី២ និងទេសចរវ័យចំណាស់, សួនកម្សាន្ដរបស់កុមារនៅតំបន់ទេសចរណ៍, ទេសចរណ៍សព្វព្រៃ, ហាងលក់ទំនិញទំនើបៗ នៅភោជនីយដ្ឋានលំដាប់ខ្ពស់, សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ប្រមាណ១០ម៉ឺនបន្ទប់ ក្នុងនោះបន្ទប់ផ្កាយ៤និងផ្កាយ៥មានប្រមាណ៦០% ខណៈបច្ចុប្បន្នយើងមានបន្ទប់សណ្ឋាគារប្រមាណ៤,៥ម៉ឺនបន្ទប់ ក្នុងនោះបន្ទប់សណ្ឋាគារផ្កាយ៤និងផ្កាយ៥មានតែ២,៥ម៉ឺនបន្ទប់ប៉ុណ្ណោះ ។
លោកលើកឡើងថា ដើម្បីគាំទ្រ និងជួយសម្រួលដល់ការវិនិយោគរបស់វិស័យឯកជនរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតបរិយាកាសវិនិយោគងាយស្រួលនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ធ្វើជាច្រកចេញចូលតែមួយក្នុងការងារវិនិយោគធំៗទាំងអស់ ហើយក្រសួងសាមីដើរតួនាទីគាំទ្រលើផ្នែកបច្ចេកទេសតាមគម្រោងនីមួយៗ ។ បន្ថែមលើយន្តការច្រកចេញចូលតែរាជរដ្ឋាភិបាលបានបង្កើតជាគោលនយោបាយមួយដោយប្រើយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (public private partner-ppp) ដើម្បីជំរុញការវិនិយោគរវាងរដ្ឋនិងឯកជន ។
លោកគូសបញ្ជាក់ថា ៖« តាមរយៈយន្តការ ppp នេះ រដ្ឋអាចផ្តល់ទ្រព្យសម្បត្តិរបស់រដ្ឋដូចជាកោះ, បឹងធម្មជាតិ, សមុទ្រឧទ្យានជាតិ ឬសម្បត្តិទាំងឡាយដែលគ្រប់គ្រងដោយរដ្ឋដល់ដៃគូវិនិយោគដើម្បីធ្វើការវនិយោគ ។ប្រាក់ចំណូលដែលបានមកពីការវិនិយោគត្រូវបែងចែកជាមួយរដ្ឋតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា »។ ក្រៅពីយន្តការខាងលើ តាមលោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានបង្កើតនាយកដ្ឋានវិនិយោគទេសចរណ៍ក្នុងគោលបំណងជួយសម្របសម្រួល សហការគាំទ្រ និងត្រួតពិនិត្យដំណើរការអនុវត្តលើគម្រោងវិនិយោគឯកជនគ្រប់គ្រង និងអនុវត្តគម្រោងវិនិយោគសាធារណៈ និងគម្រោងវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនសំដៅធានាដល់ការវិនិយោគទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដោយផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងនវានុវត្ត៍ស្របទៅនឹងនិន្នាការសកលនៃទីក្រុងទេសចរណ៍វ័យឆ្លាត, ទេសចរណ៍វ័យឆ្លាត គោលដៅទេសចរណ៍វ័យឆ្លាត ៕
ចែករំលែកព័តមាននេះ