រាជធានីភ្នំពេញ ៖ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី ដែលបាន
បញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកពិភពលោក 3-Cushion World Championship Ladies លើកទី៨ នៅទីក្រុង Izmir ប្រទេសតួកគី ដោយដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿងមកជូនជាតិកាលពីពេលថ្មីៗកន្លងមកនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលចំនួន៦៤លានរៀល។
សម្រាប់បេសកកម្មមួយនេះ ស្រួង ភាវី បានឆ្លងកាត់៥ប្រកួតក្នុងនោះវគ្គជម្រុះក្នុងពូលនាងបានយកឈ្នះ៣ប្រកួតជាប់គ្នា (ឈ្នះជប៉ុន២៥-២៤ពិន្ទុ, ឈ្នះអាល្លឺម៉ង់២៥-១១ពិន្ទុ និងឈ្នះដាណឺម៉ាក២៥-៧ពិន្ទុ) មុននឹងបន្ដឈ្នះកូឡុំប៊ីក្នុងវគ្គ៨នាក់ចុងក្រោយដោយលទ្ធផល ៣០-១៦ពិន្ទុ ។ ប៉ុន្ដែគួរឲ្យស្ដាយ នាងបានបរាជ័យក្រោមថ្វីដៃកីឡាការិនីជប៉ុន Orie HIDAវិញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនាំឲ្យនាងទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។
ចំណែកមេដាយមាសបានទៅលើកីឡាការិនីហូឡង់ TherseKlompenhouwer ក្រោយយកឈ្នះកីឡាការិនីជប៉ុន Orie HIDA ដែលទទួលបានមេដាយប្រាក់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។ រីឯមេដាយសំរឹទ្ធស្ទួន១គ្រឿងទៀតបានទៅកីឡាការិនីតួកគី Gulsen DEGENER ក្រោយប្រកួតចាញ់កីឡាការិនីហូឡង់ Therse Klompenhouwerកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចកីឡាការិនី ស្រួង ភាវី ដែរ។
ការដណ្ដើមបានមេដាយសំរឹទ្ធដោយកីឡាការិនីមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំស្រួង
ភាវី រូបនេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់កម្ពុជាជាមួយនឹងប្រភេទកីឡាស្នូកឃ័រ និងប៊ីយ៉ា ។ អ្វីដែលគួរកត់សម្គាល់ នាងបានយកឈ្នះកីឡាការិនីជើងខ្លាំងអាស៊ី និងអឺរ៉ុបជាច្រើន បង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកនិយមលេងកីឡាស្នូកឃ័រទូទាំងពិភពលោក ។
ជាមួយនឹងសមិទ្ធផលនេះដែរ យោងតាមប្រកាសអន្ដរក្រសួង ស្រួង ភាវី នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលចំនួន៦៤លានរៀលផងដែរ៕
ចែករំលែកព័តមាននេះ