ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូវៀតណាមថាទៅបាងកកដើម្បីឈ្នះ ខណៈគ្រូថៃរំពឹងដល់ប៉េណាល់ទីកាត់សេចក្តី

4 ថ្ងៃ មុន

ប្រទេសថៃ ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងបើកទ្វារកីឡដ្ឋានជាតិ Rajamangala ស្ថិតនៅទីក្រុងបាងកក នៅវេលាម៉ោង ០៨:០០នាទីយប់ ថ្ងៃទី៥ ខែមករា…

ប្រទេសថៃ ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងបើកទ្វារកីឡដ្ឋានជាតិ Rajamangala ស្ថិតនៅទីក្រុងបាងកក នៅវេលាម៉ោង ០៨:០០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ ទទួលក្រុមភ្ញៀវវៀតណាម សម្រាប់ជំនួបជើងទី២ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ជើងឯកអាស៊ាន AFF Cup ឆ្នាំ ២០២៤ ។ ដ្បិតកាលពីជើងទី១ នៅកីឡដ្ឋាន Viet Tri ចាញ់ម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ២-១ កាលពីថ្ងៃទី២ ខែមករា កន្លងទៅ។

មុនឈានដល់ជំនួបកាត់សេចក្តីរកម្ចាស់ជើងឯក AFF Cup ឆ្នាំ ២០២៤ នៅយប់នេះ គ្រូបង្វឹកថៃបានសន្យាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តក្នុងនាមជាក្រុមការពារជើងឯក ប៉ុន្តែរពឹងថាការប្រកួតនេះ នឹងឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្តី។ រីឯគ្រូបង្វឹកវៀតណាម បានកំណត់គោលដៅមកទីក្រុងបាងកក ដើម្បីយកឈ្នះថៃ និងជើងឯក។

គ្រូបង្វឹកថៃ លោក Masatada Ishii ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ដោយឆ្លុះបញ្ចាំងពីកំហុសប្រព័ន្ធការពាររបស់ថៃ កាលពីជើងទី១ ហុចដងឱ្យខ្សែប្រយុទ្ធកំណើតប្រេស៊ីល សញ្ជាតិវៀតណាម Nguyen Xuan Son រកបានពីរគ្រាប់ម្នាក់ឯង។ ថ្វីដ្បិតបរាជ័យជើងទី១ក៏ពិតមែន ប៉ុន្តែក៏គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបង្ហាញទំនុកចិត្តថា ថៃអាចយកឈ្នះវៀតណាម ជាពិសេសទទួលបានការគាំទ្រពីអ្នកគាំទ្រប្រមាណ៥ម៉ឺននាក់របស់ខ្លួន។

លោក Ishii បាននិយាយថា «យើងនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីការពារជើងឯក និងមោទនភាពរបស់យើង នៅចំពោះមុខអ្នកគាំទ្រ។ យើងត្រូវតែត្រៀមខ្លួនសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ រួមទាំងលទ្ធភាពដែលអាចឈានដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីផងដែរ»។

ដោយឡែក គ្រូបង្វឹកវៀតណាម លោក Kim Sang-sik ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅទីក្រុងបាងកក ដោយបានជំរុញកីឡាករទាំងអស់ឈប់គិតពីការឈ្នះកជើងទី១ ហើយផ្តោតលើការប្រកួតជើងទី២។ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានថ្លែងថា «យើងដឹងថាថៃនឹងខ្លាំងនៅទឹកដីពួកគេ ដោយការសម្រុក និងដាក់សម្ពាធ។ ប៉ុន្តែយើងគ្មានការបំភិតបំភ័យទេ។ ក្រុមបានរៀបចំយ៉ាងល្អ និងត្រៀមខ្លួនជាស្រេចដើម្បីលេងឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះជើងឯក»។

លោកបន្ថែមថា «ប៉ុន្មានថ្ងៃមុនយើងឈ្នះ។ ដូច្នេះយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីក្លាយជាជើងឯក ដោយការរៀបចំទាំងផ្លូវចិត្ត និងកាយសម្បទា។ យើងមកទីនេះដើម្បីផ្តួលថៃ និងឈ្នះជើងឯក»។

ជ័យជម្នះជើងទី១ គឺជាការបិទបញ្ចប់ការរង់ចាំអស់រយៈពេលជិត២៧ឆ្នាំរបស់វៀតណាម ដើម្បីយកឈ្នះថៃក្នុងទឹកដីខ្លួនឯង និងជាការឈ្នះលើកទី៤របស់វៀតណាមលើថៃក្នុងប្រវត្តិជួបគ្នាសរុប ៣០លើក ដោយថៃឈ្នះ១៨លើក និងស្មើគ្នា៨លើក។ ជ័យជម្នះលើកដំបូងរបស់វៀតណាមលើថៃក្នុងទឹកដីខ្លួនឯង កើតឡើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Tiger Cup ឆ្នាំ ១៩៩៨ ដែលបច្ចុប្បន្នជា AFF Cup នេះឯង នៅកីឡដ្ឋាន Hang Day ដោយលទ្ធផល ៣-០។

ចាប់តាំងពីពានរង្វាន់ជើងឯកអាស៊ាន AFF Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៦ ថៃបានឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ១០លើក និងឈ្នះជើងឯកច្រើនជាងគេ ៧លើក។ សិង្ហបុរីឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៤លើក ឈ្នះជើងឯកទាំង ៤លើក។ ចំណែកវៀតណាមឈានដល់វគ្គផ្តាច់ព្រ័ត្រ ៤លើក ឈ្នះជើងឯក ២លើក និងម៉ាឡេស៊ីឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៤លើក ឈ្នះជើងឯក១លើក៕ ប្រភព ៖ VnExpress

គ្រូបង្វឹកវៀតណាម លោក Kim Sang-sik
គ្រូបង្វឹកថៃ លោក Masatada Ishii

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ