រាជធានីភ្នំពេញ ៖ ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ កញ្ញាមុននេះ កីឡាករកម្ពុជា ស្រេង ស្រឿន បានក្លាយជាអ្នករងការអាម៉ាស់ទៀតហើយ ក្រោមកណ្ដាប់ដៃរបស់កីឡាករថៃ Sen Sak បន្ទាប់ពីបំណងស៊ីឡាក់ដើម្បីចាប់កំហុសកីឡាករថៃ មិនអាចធ្វើទៅបាន។
មួយគូនេះត្រូវបានអ្នកទស្សនាសរសើរថា វាយទៅវាយមកល្អមើល ហើយបើកុំតែកីឡាករកម្ពុជា ពន្យាពេលប្រកួតចង់អស់មួយទឹក ព្រោះតែចោទថា កីឡាករថៃ ទាត់ត្រូវប្រដាប់ការពារនោះ ប្រហែលជាល្អមើលខ្លាំង។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បញ្ជាក់ថា កីឡាករថៃ ទើបតែបានឡើងប្រកួតជាមួយកីឡាករកម្ពុជា ស្រេង ស្រឿន ជាលើកដំបូងប៉ុណ្ណោះ ហើយលោកក៏សម្ដែងការភ្ញាក់ផ្អើលផងដែរ ដែលការប្រកួតមួយគូនេះ អាចទាក់ទាញអ្នកគាំទ្រ ឱ្យស្រែកហ៊ោកញ្ជ្រៀងកងរំពង នៅពេលអ្នកទាំងពីរវាយទៅវាយមក។
លោកថា កីឡាករថៃដ្បិតថា ទាត់ចំប្រដាប់ការពារមួយជើងក៏ពិតមែន ប៉ុន្តែលោកថាមិនចំដល់ថ្នាក់ប្រកាច់ប្រកិនលើរេញ ហើយចង់សំដៅថា កីឡាករថៃវាយខុសបច្ចេកទេសដើម្បីបញ្ចប់ការប្រកួតនោះទេ ដោយសារតែមួយជើងនៅក្នុងពេលនោះមានការវិនិច្ឆ័យថា មិនត្រូវចំគោលដៅខ្លាំង ហើយក៏គ្រាន់តែប្រឆិតៗតំបន់ហាមឃាត់ប៉ុណ្ណោះ។
អ៊ីចឹងហើយទើបលោក និងគណៈកម្មការសម្រេចមិនឱ្យចាប់កំហុសកីឡាករថៃ ហើយតម្រូវឱ្យបន្តការប្រកួតបន្តទៀត ដោយឱ្យប្រកួតបន្តរហូតដល់ចប់ទឹកទី៥។ លោកថាក្រោយឱ្យកីឡាករកម្ពុជាប្រកួតបន្ត កីឡាករកម្ពុជា ស្រេង ស្រឿន នៅតែមានកម្លាំងខ្លាំង ហើយប្រកួតល្អ ទើបលោកយល់ថា មិនចុកដល់ថ្នាក់ដូចអ្វីដែលបានស្ដែងឡើងនោះឡើយ ដោយលោកបានចាត់ទុកថា ការមិនចាប់កំហុសរបស់ខ្លួនលើកីឡាករថៃ គឺត្រឹមត្រូវនោះផង។
អ្វីដែលលោកសោកស្ដាយចំពោះកីឡាករកម្ពុជាទៅទៀត គឺមិនទាន់ទាំងឈ្នះ ឬស្មើនោះទៅទៀត ដោយសារតែប្រកួតចាញ់ប្រៀបកីឡាករថៃ ហើយត្រូវខាតមួយទឹកដោយមិនបានវាយទទេ ព្រោះតែរឿងចោទថា កីឡាករថៃវាយត្រូវចំណុចសំខាន់នោះ៕
ចែករំលែកព័តមាននេះ