រាជធានីភ្នំពេញ ៖ នៅវេលារសៀលថ្ងៃសៅរ៍ ទី២២ កញ្ញា ស្អែកនេះ កម្មវិធីប្រកួតប្រដាល់មិត្តភាពអន្តរជាតិដណ្ដើមប្រាក់លានពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ឈានចូលដល់សប្ដាហ៍ទី៣ហើយ ។
សម្រាប់សមាសភាពចូលរួមប្រកួតនៅក្នុងសប្ដាហ៍នេះមានកីឡាករ កូយ ឡាយ មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ ត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះ វ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ប្រកួតជាមួយកីឡាករថៃឈ្មោះ ប្លាយណយ ប៉.ប៉ៅអ៊ីន ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
កូយ ឡាយ ជួបប្រកួតជាមួយកីឡាករថៃ វ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ លើកនេះប្រហែលជាតឹងតែងបន្តិចដោយសារបើប្រៀបធៀបទៅលើប្រវត្តិប្រកួតរវាងពួកគេទាំងពីរគឺខុសគ្នាឆ្ងាយណាស់ ។ ម្យ៉ាងវិញទៀត កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើករួចមកហើយ ឯបទពិសោធន៍ប្រកួតក៏ក្រាស់ក្រែលដែរគឺមានរហូតដល់ទៅ១០១ដង ឈ្នះ៦៩ដង ស្មើ៥ដង ចាញ់២៧ដង និងផ្ដួលគូប្រកួតឱ្យសន្លប់២១ដង ។
រីឯកូយ ឡាយ វិញមានប្រវត្តិប្រកួតត្រឹមតែ៤៩ដង ឈ្នះ៤២ដង ស្មើ២ដង ចាញ់៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១០ដង ។ ចាំមើលកូយ ឡាយ អាចប្រជែងយកប្រាក់១លានរៀលដែលជាប្រាក់រង្វាន់បន្ថែមពីលើប្រាក់តម្លៃខ្លួនជាមួយកីឡាករថៃបានឬអត់ឬក៏ត្រូវចែកគ្នាម្នាក់ពាក់កណ្ដាល?
ចំណែកមឿន សុខហ៊ុច ជួបប្រកួតជាមួយកីឡាករថៃលើកនេះ ប្រហែលជាមិនពិបាកនោះទេ អាចស៊ីសងគ្នាបាន ។ មឿន សុខហ៊ុច មានប្រវត្តិប្រកួតរហូតដល់ទៅ១១៣ដង ឈ្នះ៨០ដង ស្មើ៦ដង ចាញ់២៧ដង និងផ្ដួលគូប្រកួតឱ្យសន្លប់១៨ដង ក្នុងពេលប្លាយណយ ប៉.ប៉ៅអ៊ីនធ្លាប់ប្រកួត៩៥ដង ឈ្នះ៧៧ដង ស្មើ៣ដង ចាញ់១៥ដង និងផ្ដួលគូប្រកួតឱ្យសន្លប់២៥ដង ។
ទោះបីមឿន សុខហ៊ុច មានប្រវត្តិប្រកួតច្រើនជាងបន្តិចមែន តែកំុមើលស្រាលលើកីឡាករថៃ ម្នាក់នេះឱ្យសោះ ព្រោះគេក៏ជាជើងខ្លាំងកំពុងឡើងកូដមួយរូបដែលមិនងាយផ្ដួលបានដោយស្រួលឡើយ។
ដោយឡែកសម្រាប់គូប្រកួតមិត្តភាពក្នុងស្រុករវាងកីឡាករកម្ពុជាគ្នាឯងវិញក៏ត្រូវបានសម្រិតសម្រាំងឱ្យឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រដាល់ដណ្ដើមប្រាក់លាននោះដែរ។ កីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករ សៀវ ង៉ុយ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។
កីឡាករ អេ ហនុមានមកពីក្លិបអេភូថងកីឡា ប្រកួតជាមួយកីឡាករ សេក សារ៉ាន់ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប និងគូចុងក្រោយកីឡាករ ពុយ ទិត្យ មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាករ ឡុងសំណាង មកពីក្លិបពន្លឺវិបុលរិទ្ធី៕
ចែករំលែកព័តមាននេះ