រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ កីឡាករចាន់ ប៊ុនលាភ មិនទាន់ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាកីឡាករល្បីឈ្មោះ ឬជាកីឡាករជួរមុខនៅឡើយទេ ដោយសារតែភាពខ្លាំងក្លារបស់គេ គឺម្ដងក៏ល្អខ្លាំង ហើយម្ដងក៏បានត្រឹមតែម៉ាទប់ទល់ ដែលហាក់ពិបាកឱ្យអ្នកស្នេហាវិស័យប្រដាល់ទុកចិត្ត ។
អ៊ីចឹងហើយទើបកីឡាកររូបនេះត្រូវគេអះអាងថា កើតមានអារម្មណ៍ភ័យបុកពោះផងដែរ នៅពេលគេមានឈ្មោះឡើងប្រកួតលើសង្វៀនអន្តរជាតិរបស់ប៉ុស្ដិ៍លេខ៥ នៅថ្ងៃសៅរ៍ ទី២២ កញ្ញាស្អែកនេះ នៅក្នុងព្រឹត្តិការណ៍ប្រដាល់TV5 Boxing Knock Out Series By K-Cement នៅក្នុងសប្ដាហ៍ដែលកីឡាករសំណាង៤នាក់ឡើងប្រកួតសម្រាកមួយសប្ដាហ៍។
ការប្រកួតដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចតទៅត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រាតប្រដេញគ្នា ។
កីឡាករកម្ពុជាត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឱ្យស្វាគមន៍ជើងខ្លាំង Chhouk Chhey ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំងវ័យក្មេងនៅក្នុងប្រទេសថៃ។ វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកនៅក្នុងថ្ងៃនោះពិតជាធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានរបស់កីឡាករ ចាន់ ប៊ុនលាភ រឹតតែមានការចាប់អារម្មណ៍ ដោយសារតែកីឡាកររូបនេះ ត្រូវគេដឹងថាត្រៀមល្បីឈ្មោះ តែមិនទាន់ប្រាកដពីសមត្ថភាពនៅឡើយ ដោយសារតែគេម្ដងល្អ ម្ដងអាក្រក់ ដែលធ្វើឱ្យអ្នកតាមដានចង់ដឹងថាតើការប្រកួតរបស់គេលើកនេះ ល្អ ឬមិនល្អ ។
សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថាមានការសម្រាំងយ៉ាងពិសេស ដើម្បីឱ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ក្នុងពេលដែលសប្ដាហ៍នេះ ក៏មានកីឡាករ៤រូប ប្រកួតគ្នាក្នុងតំណែងគូឯក និងគូរងឯកជំនួសឱ្យកីឡាករដណ្ដើមជើងឯកដែលសម្រាកមួយសប្ដាហ៍នោះផង។
លោក សេង កដិកា បញ្ជាក់ថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ចាន់ ប៊ុលាភ ដោយសារតែកីឡាកររូបនេះ ធ្លាប់មានស្នាដៃរាប់មិនអស់ ហើយលោកជឿថា កណ្ដាប់ដៃ និងភាពខ្លាំងរបស់គេនឹងល្អ ទើបលោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិក្នុងសប្ដាហ៍ប្រកួតជម្រុះរវាងកីឡាករខ្លាំងៗលើកនេះ។
យ៉ាងណាមិញ លោកសារភាពថា ចាន់ ប៊ុនលាភ ហាក់មានអារម្មណ៍បុកពោះចំពោះជំនួបអន្តរជាតិលើកនេះ ដោយលោកថា គេមិនហ៊ានជឿជាក់ថាឈ្នះនោះទេ ព្រោះតែកីឡាករថៃក៏មានប្រវត្តិល្អ ។ លោកប្រកាសថា វត្តមានចុះមករបស់កីឡាករថៃChhouk Chhey លោកនៅតែទុកចិត្តកីឡាករកម្ពុជារូបនេះ ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃក្ដី។
លោកក៏បានកំណត់ឱ្យកីឡាករកម្ពុជារូបនេះហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរមុនពេលផ្គូផ្គង ទើបលោកយល់សមាសភាពរបស់កីឡាករកម្ពុជាមួយនេះ គ្រប់គ្រាន់សម្រាប់ឱ្យប៉ុស្តិ៍លេខ៥ដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នេះបាន។
លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើនថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត ដោយសារជាបទពិសោធន៍ កីឡាករកម្ពុជា ចាន់ ប៊ុនលាភ មិនសូវមានទម្លាប់ឡើងវាយលាក់ដៃស្រាប់ទៅហើយ បើនិយាយពីភាពក្លាហាន និងវាយស៊ូ គឺលោកពេញចិត្ត ។
លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឱ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជា វិញក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង ។
យ៉ាងណាមិញ លោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ៕
ចែករំលែកព័តមាននេះ