ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកាច់​ជ្រូកព្រៃក្នុងជំនឿពីបារមី​ស័ក្តិ​សិទ្ធិ​ការ​ពារ​គ្រាប់​កាំភ្លើង​បាន​ តើ​ធ្វើ​យ៉ាងណាទើប​អាច​រក​បាន​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ទោះបី​ជា​បច្ចុប្បន្ន​ការ​រស់​នៅ​របស់​ប្រជា​ជន​ខ្មែរ​មាន​ការ​រីកចម្រើន​ទៅ​តាម​សម័យ​កាល​​ជឿន​លឿន​ក៏ដោយ​ ក៏​ប៉ុន្តែ​ ជំនឿ​ចំពោះ​ចែកាច់​ជ្រូក​ព្រៃ​នៅ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ ។ គេ​តែង​ឃើញ​ចែកាច់​ជ្រូក​ព្រៃ​និយម​ប្រើ​ប្រាស់​ពី​អ្នក​ដែល​ហាត់​រៀន​មន្ត​អាគម​ អ្នក​មាន​អំណាច​ មេទ័ព​ ឬអ្នក​ចម្បាំង​ជា​ដើម​ ព្រោះ​តែ​មាន​ជំនឿ​ថា​បារមី​ស័ក្តិ​សិទ្ធិ​​សណ្ឋិត​ជាប់​ជា​មួយ​ចែកាច់​នោះ​

រាជធានីភ្នំពេញ ៖​ ទោះបី​ជា​បច្ចុប្បន្ន​ការ​រស់​នៅ​របស់​ប្រជា​ជន​ខ្មែរ​មាន​ការ​រីកចម្រើន​ទៅ​តាម​សម័យ​កាល​​ជឿន​លឿន​ក៏ដោយ​ ក៏​ប៉ុន្តែ​ ជំនឿ​ចំពោះ​ចែកាច់​ជ្រូក​ព្រៃ​នៅ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ ។ គេ​តែង​ឃើញ​ចែកាច់​ជ្រូក​ព្រៃ​និយម​ប្រើ​ប្រាស់​ពី​អ្នក​ដែល​ហាត់​រៀន​មន្ត​អាគម​ អ្នក​មាន​អំណាច​ មេទ័ព​ ឬអ្នក​ចម្បាំង​ជា​ដើម​ ព្រោះ​តែ​មាន​ជំនឿ​ថា​បារមី​ស័ក្តិ​សិទ្ធិ​​សណ្ឋិត​ជាប់​ជា​មួយ​ចែកាច់​នោះ​ ហើយ​អាច​ជួយ​ការ​ពារ​រូប​គេ​ពី​គ្រោះ​ថ្នាក់​ ។

តាម​ការ​សិក្សា​ទៅ​តាម​តំបន់​ដែល​មាន​ជំនឿ​យ៉ាង​មុត​មាំ​លើ​ចែ​កាច់​នេះ​ ដូច​ជា​នៅ​ខេត្ត​មណ្ឌល​គិរី​ ស្រុក​កោះញែក​ នៅ​តំបន់​ជិត​ជើង​ភ្នំ​ឱរ៉ាល់​ អ្នក​ស្រុក​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា​ ដែល​ហៅ​ថា​ចែ​កាច់​​ មិន​មែន​មនុស្ស​ទៅ​ចាប់​ជ្រូក​ព្រៃ​មក​កាច់​យក​ចែ​របស់​វា​ទេ​ ។ ជ្រូក​ព្រៃ​ជា​មេហ្វូង​ ខណៈ​ដែល​ចង្កូម​របស់​វា​ (ចែ)​ លូត​វែង​ វា​ទៅ​បុក​ជាប់​ជាមួយ​ដើម​ឈើ​កណ្តាល​ព្រៃ​ជ្រៅ​លិច​ជាប់​នៅ​ទីនោះ​ ។ អ្នក​ដើរ​ព្រៃ​ដែល​មាន​សំណាង​ទើប​អាច​យក​បាន​ ព្រោះ​នៅ​ចែ​កាច់​នោះ​មាន​បារមី​ព្រាយ​សណ្ឋិត​ ដែល​គេ​ជឿ​ថា​ ស័ក្តិ​សិទ្ធិ​អាច​ការ​ពារ​សត្រូវ​ផ្លូវ​ងងឹត​ និង​ការ​ពារ​គ្រាប់​កាំភ្លើង​បាន​ ។

យោង​តាម​ឯក​សារ​របស់​លោក​បណ្ឌិត​មីសែល​ ត្រា​ណេ​ បាន​បង្ហាញថា​ ជ្រូក​ព្រៃ​មាន​ទម្លាប់​រស់​នៅ​ជា​ហ្វូង​ ហើយ​នៅ​ក្នុង​ហ្វូង​ជ្រូក​ព្រៃ​នីមួយៗ​ មាន​មេ​ហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល​ដែល​មិន​ត្រឹម​តែ​មាន​មាឌ​ធំ​ ហើយ​ខ្លាំង​ជាង​គេ​ទេ​ វាថែម​ទាំង​កាច​សាហាវ​ទៀត​ផង​ ។ ខណៈ​ពេល​ដែល​មាន​កូន​ជ្រូក​ព្រៃ​ទើប​នឹង​កើត​មក​ មេហ្វូង​ជ្រូក​ព្រៃ​ដ៏​កាច​សាហាវ​នេះ​សម្លាប់​កូន​ជ្រូក​ព្រៃ​ឈ្មោល​ណា​ដែល​វា​ទទួល​ស្គាល់​ថា​ មាន​មហិទ្ធិ​ឫទ្ធិ​ដូច​វា​ចោល​ ។ លុះ​ក្រោយ​មក​ នៅ​ពេល​មេហ្វូង​ជិត​ងាប់​ ទើប​វា​ទុក​កូន​ឈ្មោល​ណា​ដែល​ប្រកប​ដោយ​លក្ខណ​សម្បត្តិ​រឹង​មាំ​ មាន​ដុះ​ខ្នាយ​វែង​ជាង​គេ​បន្តិច​ ដើម្បី​ឱ្យ​ដឹក​នាំ​ហ្វូង​ជ្រូក​ព្រៃ​បន្ត​ពីវា​ទៀត​ ។

មេហ្វូង​ជ្រូក​ព្រៃ​ដល់​ពេល​វា​ចាស់​ជរា​ខ្លាំង​ទៅ​ វា​ដើរ​ទៅ​រក​កន្លែង​ណា​ស្ងាត់​ និង​មាន​ដើម​ឈើ​ធំផង​​ ដើម្បី​យក​ខ្នាយ​តាន់​របស់​វា​ទាំង​ពីរ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង​ដើម​ឈើ​នោះ។លោក​មីសែល ត្រាណេ​ ពន្យល់​ទៀត​ថា​ មហិទ្ធិ​ឫទ្ធិ​របស់​ខ្នាយ​តាន់​គឺ​នៅ​ត្រង់​ថា​ បារមី​ ឬវត្ថុ​សក្តិ​សិទ្ធិ​ជា​ពន្លឺ​លើ​ថ្ងាស​ជ្រូក​ព្រៃ​ដែល​តាម​ថែរក្សា​គាំពារ​វា​ជានិច្ច​ ។ បារមី​នេះ​ឯង​ដែល​ពិបាក​នឹង​មាន​នរណា​ម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បាន​ឡើយ​ ។ ហេតុ​ដូច្នេះ​ហើយ​ ប្រជា​ជន​ខ្មែរ​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ដង​រែក​ និង​តំបន់​ខ្ពង់​រាប​ដទៃ​ទៀត​ មាន​ជំនឿ​ថា​ អ្នក​ដែល​រើស​បាន​ខ្នាយ​តាន់​ជ្រូក​ព្រៃ​យក​មក​ពាក់ក​ គឺ​គេ​នឹង​មាន​សេចក្តី​សុខ​ សិរី​សួ​ស្តី​ ។

បារមី​នៃ​ខ្នាយ​តាន់​នេះ​ នឹង​នៅ​រក្សា​ការ​ពារ​មិន​ឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក​បៀត​បៀន​ ឬ​យក​ឈ្នះ​លើ​ខ្លួន​គេ​បាន​ឡើយ​ ។ អ្នក​មាន​ខ្នាយ​តាន់​ជ្រូក​ព្រៃ​តែង​តែ​កាន់​ត្រណម​មួយ​ចំនួន​យ៉ាង​ខ្ជាប់​ខ្ជួន​ ហើយ​គួប​ផ្សំ​នឹង​មន្ត​អាគមបន្ថែម​ផង​នោះ​ធ្វើ​ឱ្យ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​ដែល​មាន​បារមី​កាន់​ស្រាប់​កាន់​តែ​ខ្លាំង​ក្លា​មួយ​កម្រិត​ថែម​ទៀត​ ។ ចំពោះ​ជន​ជាតិ​ខ្មែរ​លើ​ ក៏​មាន​ជំនឿ​ដូច​គ្នា​នេះ​ដែរ​ ។ គេ​បាន​ចាត់​ទុក​ជំនឿ​នេះ​ជា​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ប្រចាំ​ជន​ជាតិ​ទៀត​ផង​ ។ គេ​យល់​ថា​ បារមី​ខ្នាយ​តាន់​ជ្រូក​ព្រៃ​សម្រាប់​ជួយ​ការ​ពារ​សត្វ​ព្រៃ​កាច​សាហាវ​ផ្សេងៗ​ ឬ​អាវុធ​ដូច​ជា​ព្រួញ​ ស្ន​ជា​ដើម​ ដោយ​ហេតុ​ថា​ នៅ​តំបន់​ព្រៃ​ភ្នំ​ពុំ​មាន​គ្រាប់​កាំភ្លើង​ ឬ​ជាតិ​ផ្ទុះ​ឡើយ​ ។

ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​នៃ​ជន​ជាតិ​ខ្មែរ​ អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ ទស្សនៈ​របស់​មនុស្ស​ខ្មែរ​ ជា​ពិសេស​នៅ​ពេល​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​កំណាច​អ្វី​មួយ​មក​ពី​ខាង​ក្រៅ​ រមែង​ប្រាថ្នា​សេចក្តី​សុខ​ សប្បាយ​ និង​សុវត្ថិ​ភាព​ ហើយ​ជំនឿ​នេះ​ក៏​ជា​មែក​ធាង​នៃ​ខឿន​វប្បធម៌​អរូបីរបស់​ជន​ជាតិ​ខ្មែរ​យើង​ផង​ដែរ ។ ជំនឿ​នេះ​នៅ​មាន​ជាប់​យ៉ាង​ស៊ប់​ជាមួយ​ប្រជា​ជន​​រស់​នៅ​តំបន់​​មួយ​ចំនួន​ ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្ត​បាត់​ដំបង​ ខេត្ត​ពោធិ៍​សាត់​ ខេត្ត​មណ្ឌល​គិរី​ ខេត្ត​រតន​គិរី​ ខេត្ត​ស្ទឹង​ត្រែង​ តំបន់​ជួរ​ភ្នំក្រវាញ​ និង​នៅ​​ខេត្ត​សុរិន្ទ​ សុីសាកេត​ បុរីរម្យ​ អតីត​ដែន​ដី​ខ្មែរ​ជា​ដើម​ ជា​ពិសេស​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​ មាន​ព្នង​ កួយ​ សំរែ​ រដែ ។ អាស្រ័យ​ដោយ​មាន​ជំនឿ​យ៉ាង​នេះ​ហើយ​ ទើប​ចែកាច់​ជ្រូក​ព្រៃ​ក្លាយ​ជា​ទំនិញ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ការ​ជួញ​ដូរ​ ៕