ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានពន្យល់ជូនបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត ឱ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាងកម្ពុជា-ថៃ ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ាន និងការជួយជ្រោមជ្រែងរបស់បណ្តាប្រទេសជាមិត្តច្រើនទៀតជាពិសេសប្រទេសចិន ។ នេះបើយោងតាមផេករដ្ឋបាល ខេត្តកំពង់ធំ បានប្រកាសនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងបន្ទាប់ពីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមទម្លាប់ធម្មតានៅរៀងរាល់ព្រឹកថ្ងៃចន្ទដើមសប្តាហ៍ របស់ថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីក្រោមឱវាទ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

លោក ផារ័ត្ន បន្តថា ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចមហាបវរធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជា សម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជាយើង ។

លោកអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពនេះ មិនមែនមានន័យថា សមរភូមិត្រូវបានបញ្ចប់ទាំងស្រុងទេ គឺមានន័យថា ប្រទេសទាំងពីរឈប់ប្រើសមរភូមិយោធាក្នុងការដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែប្រើតែសមរភូមិការទូត ដោយឈរលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយនេះ គឺជាអ្វីដែលកម្ពុជាទាមទារចង់បានតាំងពីដើមរៀងមក ។

លើសពីនេះ យើងនៅតែត្រូវបន្តពង្រឹងសមត្ថភាពយោធាយើង ផលិតផលក្នុងស្រុក និងជំហររឹងមាំដោយខ្លួនឯង ក្រោមទង់សាមគ្គី ឯកភាពជាតិ បន្តសមរភូមិប្រយុទ្ធនេះទៅមុខទៀត ។
ជាចុងក្រោយលោក នួន ផារ័ត្ន បានអំពាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងសមរភូមិការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាធំៗរបស់ជាតិ ៕



ចែករំលែកព័តមាននេះ