ខេត្តកំពង់ចាម ៖ ទឹកទន្លេឆ្នាំនេះ បានហូរចូលបឹងបួនានាជាប់ដងទន្លេមេគង្គ និងបានហូរចូលបឹងជ្រោយ ក្នុងស្រុកជើងព្រៃ ដែលមើលទៅឃើញផ្ទៃទឹកល្ហល្ហាច និងមានព្រៃលិចទឹកដែលជាជម្រកត្រីពងដ៏សំខាន់ ធ្វើឱ្យត្រីពងកូនកាន់តែសម្បូរ ។ ជាមួយនេះ ក្នុងរដូវបើកនេសាទនេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ បាននាំគ្នាទៅនេសាទ រាយមង ព្រមទាំងប្រើឧបករណ៍ស្របច្បាប់ផ្សេងទៀតដើម្បីចាប់ត្រីលក់ដោះស្រាយជីវភាពគ្រួសារ ។

លោក លី ស៊្រី នាយខណ្ឌស្ដីទីរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងថា កន្លងទៅថ្មីៗនេះ មានបណ្ដាញសង្គមមួយចំនួនបានធ្វើការផ្សព្វផ្សាយថា នៅបឹងជ្រោយក្នុងស្រុកជើងព្រៃ គឺមានឈ្មួញធំចាំប្រមូលទិញកូនត្រីសម្រាប់ធ្វើចំណីឱ្យត្រីឆ្ដោ ដែលគេចិញ្ចឹមតាមស្រះនានានៅតំបន់នេះតំបន់នោះ ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជលផលខេត្ត បានទៅធ្វើការត្រួតពិនិត្យជាបន្ទាន់នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តែលទ្ធផលរកមិនឃើញមានសកម្មភាពទិញ-លក់ត្រីតូចៗនោះទេ គឺមានតែបងប្អូនប្រជាពលរដ្ឋរង់ចាំទិញត្រីធំៗដែលនេសាទបានសម្រាប់យកទៅលក់បន្តនៅឯផ្សារប៉ុណ្ណោះ ។
លោកថ្លែងទៀតថា ដោយមានការណែនាំពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានទៅពិនិត្យទីតាំង និងស្រាវជ្រាវរកព័ត៌មាននៅកំពង់ទូកបឹងជ្រោយ ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ។

ការទៅពិនិត្យនេះ គឺបន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គម ដែលបានផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា មានបទល្មើសនេសាទកាន់តែគគ្រឹកគគ្រេងនៅបឹងជ្រោយ ព្រោះមានមេឈ្មួញធំចាំប្រមូលទិញកូនត្រីយកធ្វើចំណីឲ្យត្រីចិញ្ចឹមស៊ីក្នុងមួយថ្ងៃៗរាប់តោន ។
ក្រោយការចុះស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម ៖
១-តំបន់បឹងជ្រោយ សម្បូរការនេសាទជាលក្ខណៈទ្រង់ទ្រាយតូចៗ ហើយក៏គ្មានឈ្មួញធំៗណាចុះចាំទិញកូនត្រីយកធ្វើចំណីដែរ គឺមានតែអាជីវករក្នុងស្រុក មករង់ចាំទិញយកទៅលក់នៅតាមផ្សារ ឬយកទៅធ្វើប្រហុក ផ្អក ម៉ាំ ទឹកត្រី សម្រាប់ដោះស្រាយជីវភាពនៅក្នុងរដូវប្រាំង ។

២-ប្រភេទឧបករណ៍នេសាទ ដែលប្រជានេសាទធ្វើអាជីវកម្មតាមទម្លាប់របស់ពួកគាត់រួមមាន មង សន្ទូច ថ្នង លប រ៉ាវ សំណាញ់ និងឧបករណ៍ស្របច្បាប់ផ្សេងៗទៀត ។ ចំណែកឧបករណ៍ល្មើសច្បាប់ដូចជា ស្បៃមុង របាំង ភ្ជិតព្រែក ឧបករណ៍ឆក់ត្រីជាដើម ត្រូវបានសមត្ថកិច្ច រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបជាប្រចាំ ។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានជនខិលខូចលបលួចប្រព្រឹត្ត ជាពិសេសនៅតំបន់ឆ្ងាយៗ ដែលសមត្ថកិច្ចពិបាកទៅដល់ ។
គួររំឭកថា ក្នុងរដូវបិទនេសាទ នៅបឹងជ្រោយនេះ កម្លាំងជលផលធ្លាប់សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទរហូតដល់៥ទៅ៦លើក ធ្វើឲ្យក្រុមជនខិលខូចស្ទើរតែរាងចាលអស់ទៅហើយ ៕


ចែករំលែកព័តមាននេះ