ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ បឺត ខាំ ប្រកាស​ប្ដូរ​របត់​ជីវិត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​ការ​ប្រដាល់​ប្រមាណ​ជាមួយសន្លប់​ធំ អតីត​ជើង​ខ្លាំង​កីឡា​ករ បឺត ខាំ ត្រូវ​គេ​ឃើញ​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​យ៉ាង​ក្រឡឺម​ៗ ។ លោក​បាន​ទាំង​អះអាង​ថា នឹង​ឈប់​នឹកនា…

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​ការ​ប្រដាល់​ប្រមាណ​ជាមួយសន្លប់​ធំ អតីត​ជើង​ខ្លាំង​កីឡា​ករ បឺត ខាំ ត្រូវ​គេ​ឃើញ​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​យ៉ាង​ក្រឡឺម​ៗ ។ លោក​បាន​ទាំង​អះអាង​ថា នឹង​ឈប់​នឹកនា ឬ​ពាក់ព័ន្ធ​កីឡាប្រដាល់ទៀត​ហើយ បន្ទាប់​ពី​លោក​ក៏​មាន​លទ្ធភាព​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកចម្រៀង​ដោយ​មិន​ពិបាក។

បឺត ខាំ និយាយ​ថា វត្តមាន​បង្ហាញខ្លួន​ឡើង​ច្រៀង​របស់​លោក​កាលពី​ពេល​ថ្មី​ៗ មិនមែន​គ្រាន់​តែ​ឡើង​ច្រៀង​លេង​ដូច​កីឡាករ វង្ស ណ​យ ដែល​ប្រកាស​ចង់​ចាប់​អាជីព​ថ្មី ហើយ​មិន​មាន​ផែនការ​នោះ​ទេ សម្រាប់​លោក គឺ​មាន​ផែនការ​ច្បាស់លាស់ ។

លោកថា រយៈ​ពេល​បាត់​មុខ​ពី​ការ​ប្រដាល់ លោក​មិន​បាន​ដាច់​ឆ្ងាយ​ពី​កីឡា​មួយ​នេះ​ទេ គឺ​នៅ​តែ​បន្ត​បង្វឹក​សិស្ស​ឱ្យ​បាន​ឡើង​ប្រដាល់​ជា​ហូរហែ បើ​ទោះជា​លោក​មាន​របួស និង​ចាស់​ច្រើន​ហើយ​មិន​អាច​ឡើង​រេញ​បាន​ទៀត​ក្ដី ។ នោះ​គឺ​ដោយសារ​តែ​លោក​ស្រឡាញ់ និង​ចង់​កសាង​កីឡាករ​ដែល​ចង់​ឡើង​ប្រដាល់​ឱ្យ​មាន​អាជីព និង​ដោយសារ​តែ​លោក​មិន​ចង់​ដាច់​ឆ្ងាយ​ក្រោយ​ពេល​ឈប់​ប្រដាល់​ផង​។

យ៉ាងណាមិញ ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ លោក​បាន​សម្រេចចិត្ត​បោះបង់​ទាំង​ការ​បង្វឹក​សិស្ស ដោយ​ងាក​ទៅ​យក​ពេល​ផលិត​ចម្រៀង​ទើប​លោក​ប្រកាស​ខ្លួន​ធ្វើ​ជា​តារា​ចម្រៀង​វិញ ដោយ​ក្នុង​ជំហាន​ដំបូង គឺ​ឡើង​ច្រៀង​នូវ​បទ​ចម្រៀង​ចាស់​ៗ ជំនាន់​ស៊ិ​ន ស៊ី​សា​មុត និង​បទ​ស្ទាវ​ថ្មី​ៗ ប៉ុន្តែ​ក្នុង​ពេល​បន្តបន្ទាប់ គឺ​លោក​នឹង​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន ដោយសារ​តែ​បាន​រៀបរយ​ក្នុង​ការ​ផលិត​ចេញ​ជា​បណ្ដើរ​ៗ​ហើយ ។

លោក​ថា ​ខ្លួន​ប្រកាស​​ចង់​ក្លាយជា​អ្នកចម្រៀង មិនមែន​គ្រាន់តែ​ប្រកាស​ហើយ​មិន​ធ្វើ​អ្វី​ដើម្បី​ឱ្យ​បាន​ដើរ​លើ​ផ្លូវ​នេះនោះ​ទេ គឺ​បាន​រៀបចំ​ក្រុម​ផលិត​បទ​ចម្រៀង និង​ត្រៀម​ផលិត​ជា​វី​ដេ​អូ​បទ​ចម្រៀង​ដើម្បី​វាយលុក​ទីផ្សារ​តែ​ម្ដង ។ ជា​ស្ដែង បទ​ចម្រៀង​ដែល​លោក​គ្រោង​ថត មិនមែន​ជា​បទ​ចម្លង ឬ​ជា​បទ​ថត​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​ជា​បទ​និពន្ធ​ថ្មី ទាំង​សាច់ភ្លេង និង​ទំនុក​តែ​ម្ដង ដោយ​លោក​រំពឹង​ថា ការ​បោះ​ជំហាន​របស់​លោក គឺ​នឹង​ផ្ទុយ​ស្រឡះ​ពី​កីឡាករ​ផ្សេង​ៗ រួម​មាន​កីឡាករ​វង្ស ណ​យ ជាដើម ដែល​ប្រកាស​ថា​ចង់​ក្លាយជា​តារាចម្រៀង ប៉ុន្តែ​មិន​មាន​វិធានការ​ផលិត​បទ​ថ្មី​ផ្ទាល់ខ្លួន​នោះ ។

លោក​មាន​គម្រោង​ចេញ​បទ​ចម្រៀង​ក្នុង​ពេល​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​នឹង​ចេញ​ប៉ុន្មាន​​បទ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បានដឹង​ថា បទ​ចម្រៀង​ដែល​លោក​បាន​ត្រៀម​នោះ នឹង​ចេញ​ទន្ទឹម​នឹង​ការ​ឡើង​ឆាក​ទូរទស្សន៍ និង​ក្នុង​កម្មវិធី​ផ្សេង​ៗ ដើម្បី​ឡើង​ប្រូ​ម៉ូត​តែ​ម្ដង ។

យ៉ាងណាមិញ លោក​ថា ខ្លួន​មិន​រំពឹង​នឹង​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​ដោយសារ​តែ​ការ​ឡើង​ឆាក និង​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា ឱកាស​ប្ដូរ​ខ្លួន​ឱ្យ​ក្លាយ​ជាតា​រាច​មៀង​អាជីព​នៅ​ក្នុង​ពេល​នេះ គឺ​ដើម្បី​តែ​ឱ្យ​សប្បាយចិត្ត និង​ដើម្បី​ឱ្យ​ស្រទាប់​មហាជន​អ្នក​ធ្លាប់​ស្រឡាញ់​វិស័យ​ប្រដាល់​ដឹង​ថា​ក្រៅពី​អាជីព​ប្រដាល់​លោក​ក៏​មាន​សមត្ថភាព​ច្រៀង និង​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​បន្ថែម​ប៉ុណ្ណោះ ។

លោក​មិន​បាន​ប្រកាស​ថា​នឹង​ចំណាយ​ទុន​ប៉ុន្មាន​ដើម្បី​ផលិត​បទ​ចម្រៀង​មួយ​បទ​ៗ​នោះ​ទេ តែ​លោក​បង្ហើប​ថា ទម្រង់​នៃ​ការ​ផលិត​បទ​ចម្រៀង​ទាំងនោះ មិន​មាន​អ្នក​ស្ពុ​ន​ស័​រ​ណា​​ម្នាក់​ចំណាយ​ពីលើ​នោះ​ទេ គឺ​លោក​រក​លុយ​មក​ចំណាយ​ខ្លួនឯង​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​បាន​ច្រៀង​លើ​ឆាក​តន្ត្រី​ដែល​លោក​ធ្លាប់​ចង់បាន​។

លោក បឺត ខាំ បន្ត​ថា លោក​សម្រេចចិត្ត​បោះបង់​ការ​បង្វឹក​សិស្ស​ចំនួន​២​ខែ​មក​ហើយ ដោយ​ការ​សម្រេចចិត្ត​នេះ គឺ​បន្ទាប់​ពី​លោក​មាន​ការងារ​ជាក់លាក់​មួយ ដែល​អាច​រក​ចំណូល​បាន​គួរសម ដែល​នាំ​ឱ្យ​លោក​អាច​មាន​លទ្ធភាព​ងាក​ទៅ​ផលិត​បទ​ចម្រៀង​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន ។

លោក​និយាយ​ដោយ​ត្រង់​ថា រយៈពេល​ដែល​លោក​នៅ​ស្ដាយ​ការ​ប្រដាល់ ដោយ​បាន​ទាំង​តស៊ូ​បង្វឹក​សិស្ស​មិន​ទទួល​ការងារ​ផ្សេង​ផង បាន​ធ្វើ​ឱ្យ​លោក​ជួប​ប្រទះ​នូវ​ការ​លំបាក​​ច្រើន​ណាស់ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​តស៊ូ ព្រោះតែ​មិន​ចង់​ដាក់​ឆ្ងាយ​ពី​កីឡា​មួយ​នេះ ។ ប៉ុន្តែ​ក្រោយ​លោក​ដាច់​ចិត្ត​បោះបង់ គឺ​ស្ថានភាព​ជីវិត​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​បន្ទាប់​ពី​លោក​បិទ​ចោល​អាជីព​ជា​គ្រូបង្វឹក​ហើយ​ទទួល​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ច្បាស់លាស់ ។

លោក​និយាយ​ថា ដល់​ពេល​ដែល​លោក​ឈប់​ស្ដាយ​អាជីព​ប្រដាល់​ទៀត​ហើយ ហើយ​ក៏​ប្រហែល​ដល់​ពេល​ដែល​លោក​ឈប់​គិត​ពី​ការ​ចង់​បង្ហាត់​សិស្ស​ដូច​មុន​ទៀត​ដែរ ដើម្បី​ឱ្យ​លោក​អាច​មាន​ពេលវេលា​រក​លុយ និង​មាន​ពេល​ផលិត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ឡើង​ឆាក។

លោក​និយាយ​យ៉ាង​ខ្លី​ថា ​«​ឈប់​ប្រដាល់​ហើយ ព្រោះ​បើ​នៅ​តែ​ស្ដាយ​គឺ​ពិតជា​នៅ​តែ​ពិបាក ។​ច្រើន​ឆ្នាំ​មកនេះ គឺ​ខ្ញុំ​ពិបាក​ឆ្អែតឆ្អន់​នឹង​ការ​តស៊ូ អ៊ីចឹង​ទើប​ខ្ញុំ​ប្រកាស​ថា អត់​ងាក​ក្រោយ​វិញ​ទេ គឺ​ត្រូវ​តែ​ដើរទៅ​មុខ​»​។

ក្រៅពី​ប្រកាស​ដើរ​លើ​ផ្លូវ​ក្នុង​អាជីព​ជា​អ្នកចម្រៀង​ឱ្យ​បាន​រឹង​មាំ លោក​ក៏​ប្រកាស​បំពេញ​ការងារ​ដែល​ទើប​ទទួល​បានឱ្យ​ជោគជ័យ​ផង​ដែរ ដើម្បី​ឃ្លាត​ឱ្យ​ឆ្ងាយ​ពី​ភាព​ក្រីក្រ និង​ដើម្បី​ឱ្យ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​អាជីព​មួយ​ថ្មី ក្រោយ​បោះបង់​ការ​ប្រដាល់​ទាំង​ស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ